គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:19-31 Khmer Standard Version (KHSV)

19. ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។

20. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។

22. ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។

25. គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។

26. ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​ដែល​ត្រូវ​និយាយ​អំពី​អ្នក​រាល់​គ្នា ព្រម​ទាំង​វិនិច្ឆ័យ​ទោស​អ្នក​រាល់​គ្នា​ផង។ ប៉ុន្តែ ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​សម្តែង​សេចក្ដី​ពិត ហើយ​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌អង្គ ខ្ញុំ​ក៏​យក​មក​ថ្លែង​ប្រាប់​មនុស្ស​លោក​ដែរ»។

27. អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។

28. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​លើក​បុត្រ​មនុស្ស​ឡើង អ្នក​រាល់​គ្នា​មុខ​ជា​នឹង​ស្គាល់​ឋានៈ​របស់​ខ្ញុំពុំ‌ខាន ហើយ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​មិន​ធ្វើ​ការ​អ្វី​មួយ ដោយ​សំអាង​លើ​ខ្លួន​ខ្ញុំ​ផ្ទាល់​ឡើយ គឺ​ខ្ញុំ​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​ប្រាប់​មក​ខ្ញុំ​ប៉ុណ្ណោះ។

29. ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​គង់​នៅ​ជា​មួយ​ខ្ញុំ ព្រះ‌អង្គ​មិន​ចោល​ខ្ញុំ​ឲ្យ​នៅ​តែ​ម្នាក់​ឯង​ឡើយ ដ្បិត​ខ្ញុំ​តែង​ប្រព្រឹត្ត​កិច្ចការ​ណា ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ​ជា‌និច្ច»។

30. ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះ‌អង្គ។

31. ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ជន‌ជាតិ​យូដា ដែល​បាន​ជឿ​លើ​ព្រះ‌អង្គ​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ពាក្យ​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​សិស្ស​របស់​ខ្ញុំ​មែន។

សូមអានជំពូកពេញលេញ យ៉ូហាន 8