គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:19-25 Khmer Standard Version (KHSV)

19. ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។

20. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។

22. ជន‌ជាតិ​យូដា​និយាយ​គ្នា​ថា៖ «តើ​លោក​នឹង​សម្លាប់​ខ្លួន​ឬ បាន​ជា​លោក​ពោល​ថា“ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន”​ដូច្នេះ?»។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​កំណើត​នៅ​ស្ថាន​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​កំណើត​មក​ពី​ស្ថាន​លើ។ អ្នក​រាល់​គ្នា​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ពុំ​មែន​មាន​កំណើត​ពី​និស្ស័យ​លោកីយ៍​នេះ​ឡើយ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ទទួល​ស្គាល់​ឋានៈ​របស់​ខ្ញុំទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន​ជា​មិន​ខាន»។

25. គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​មាន​ឋានៈ​អ្វី?» ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​តាំង​ពី​ដើម​ដំបូង​មក​ម៉្លេះ។

សូមអានជំពូកពេញលេញ យ៉ូហាន 8