គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 8:13-21 Khmer Standard Version (KHSV)

13. ពួក​ខាង​គណៈ​ផារីស៊ី*​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​លោក​ផ្ទាល់ សក្ខីភាព​របស់​លោក​មិន​ពិត​ទេ»។

14. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «ទោះ​បី​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ដោយ ក៏​សក្ខីភាព​របស់​ខ្ញុំ​នៅ​តែ​ពិត​ដែរ ដ្បិត​ខ្ញុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ផង។ រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​ពុំ​ដឹង​ថា ខ្ញុំ​មក​ពី​ណា ហើយ​ទៅ​ណា​ឡើយ។

15. អ្នក​រាល់​គ្នា​វិនិច្ឆ័យ​តាម​របៀប​លោកីយ៍។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​ទោស​នរណា​ទេ

16. ប្រសិន​បើ​ខ្ញុំ​វិនិច្ឆ័យ​ទោស ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ក៏​ស្រប​តាម​សេចក្ដី​ពិត​ដែរ ព្រោះ​ខ្ញុំ​មិន​វិនិច្ឆ័យ​តែ​ម្នាក់​ខ្ញុំ​ឡើយ គឺ​មាន​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​វិនិច្ឆ័យ​ជា​មួយ​ខ្ញុំ។

17. ក្នុង​វិន័យ​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ទុក​មក​ថា បើ​មាន​ពីរ​នាក់​ធ្វើ​ជា​បន្ទាល់ ទើប​សក្ខីភាព​យក​ជា​ការ​បាន។

18. ខ្ញុំ​នេះ​ហើយ​ជា​បន្ទាល់​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ហើយ​ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ»។

19. ពួក​គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ព្រះ‌បិតា​របស់​លោក​នៅ​ឯ​ណា?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ស្គាល់​ខ្ញុំ ហើយ​ក៏​មិន​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ អ្នក​រាល់​គ្នា​មុខ​ជា​ស្គាល់​ព្រះ‌បិតា​របស់​ខ្ញុំ​មិន​ខាន»។

20. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ កាល​ព្រះ‌អង្គ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ត្រង់​កន្លែង​ដាក់​ហិប​ប្រាក់​តង្វាយ ប៉ុន្តែ គ្មាន​នរណា​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ​មិន​ទាន់​មក​ដល់​នៅ​ឡើយ។

21. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​នឹង​ចាក​ចេញ​ទៅ ហើយ​អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ ទាំង​មាន​បាប​ជាប់​ក្នុង​ខ្លួន។ ទី​ណា​ខ្ញុំ​ទៅ ទី​នោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទៅ​បាន​ឡើយ»។

សូមអានជំពូកពេញលេញ យ៉ូហាន 8