គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:34-50 Khmer Standard Version (KHSV)

34. អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ»។

35. ជន‌ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន‌ជាតិ​យូដា ដែល​ខ្ចាត់‌ខ្ចាយ​ក្នុង​ចំណោម​ជន‌ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ?

36. គាត់​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ” តើ​មាន​ន័យ​ដូច​ម្ដេច?»។

37. នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ជា​ថ្ងៃ​ឱឡា‌រិក​បំផុត ព្រះ‌យេស៊ូ​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។

38. អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។

39. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​សំដៅ​ទៅ​លើ​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​លើ​ព្រះ‌អង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ពេល​នោះ ព្រះ‌ជាម្ចាស់​ពុំ​ទាន់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ទេ ពី‌ព្រោះ​ព្រះ‌យេស៊ូ​ពុំ​ទាន់​សម្តែង​សិរី‌រុងរឿង​នៅ​ឡើយ។

40. ក្រោយ​ពី​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ​នោះ​មែន!»។

41. អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «លោក​នេះ​ជា​ព្រះ‌គ្រិស្ដ*»។ ប៉ុន្តែ មាន​អ្នក​ផ្សេង​ទៀត​ពោល​ជំទាស់​ថា៖ «ព្រះ‌គ្រិស្ដ​មិន​មែន​មក​ពី​ស្រុក​កាលី‌ឡេ​ទេ

42. ដ្បិត​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌គ្រិស្ដ​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌អង្គ​នឹង​យាង​មក​ពី​ភូមិ​បេថ្លេ‌ហិម ជា​ភូមិ​កំណើត​របស់​ព្រះ‌បាទ​ដាវីឌ”»។

43. បណ្ដា‌ជន​ក៏​បាក់​បែក​គ្នា ព្រោះ​តែ​ព្រះ‌អង្គ។

44. ក្នុង​ចំណោម​បណ្ដា‌ជន មាន​អ្នក​ខ្លះ​ចង់​ចាប់​ព្រះ‌អង្គ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​ចាប់​ព្រះ‌អង្គ​ឡើយ។

45. កង​រក្សា​ព្រះ‌វិហារ*​វិល​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី*​វិញ លោក​ទាំង​នោះ​សួរ​ពួក​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាប់​គាត់​នាំ​យក​មក?»។

46. កង​រក្សា​ព្រះ‌វិហារ​ឆ្លើយ​ថា៖ «ពុំ​ដែល​មាន​នរណា​និយាយ​ដូច​លោក​នោះ​ឡើយ»។

47. ពួក​ខាង​គណៈ​ផារីស៊ី​ពោល​ទៅ​គេ​វិញ​ថា៖ «អ្នក​រាល់​គ្នា​ចាញ់​បោក​អ្នក​នោះ​ដែរ​ឬ!

48. ក្នុង​ចំណោម​អ្នក​ដឹក​នាំ និង​ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី គ្មាន​នរណា​ជឿ​លើ​អ្នក​នោះ​សោះ

49. មាន​តែ​បណ្ដា‌ជន​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ទេ ដែល​ជឿ។ ពួក​នោះ​សុទ្ធ​តែ​ត្រូវ​បណ្ដា‌សា!»។

50. ក្នុង​ចំណោម​ពួក​ខាង​គណៈ​ផារីស៊ី មាន​បុរស​ម្នាក់​ឈ្មោះ នីកូ‌ដេម ជា​អ្នក​ដែល​បាន​ទៅ​គាល់​ព្រះ‌យេស៊ូ​កាល​ពី​មុន មាន​ប្រសាសន៍​ថា៖

សូមអានជំពូកពេញលេញ យ៉ូហាន 7