គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:28-38 Khmer Standard Version (KHSV)

28. ពេល​នោះ ព្រះ‌យេស៊ូ​បង្រៀន​បណ្ដា‌ជន​ក្នុង​ព្រះ‌វិហារ* ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «អ្នក​រាល់​គ្នា​ថា​ស្គាល់​ខ្ញុំ ហើយ​ដឹង​ថា​ខ្ញុំ​មក​ពី​ណា​ទៀត!។ ក៏​ប៉ុន្តែ ខ្ញុំ​មិន​មែន​មក​ក្នុង​នាម​ខ្ញុំ​ឡើយ ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​សម្តែង​សេចក្ដី​ពិត តែ​អ្នក​រាល់​គ្នា​មិន​ស្គាល់​ព្រះ‌អង្គ​ទេ។

29. រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្គាល់​ព្រះ‌អង្គ ព្រោះ​ខ្ញុំ​ចេញ​មក​ពី​ព្រះ‌អង្គ ហើយ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក»។

30. ពេល​នោះ ពួក​គេ​រក​ចាប់​ព្រះ‌យេស៊ូ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​លូក​ដៃ​ចាប់​ព្រះ‌អង្គ​ទេ ព្រោះ​ពេល​កំណត់​របស់​ព្រះ‌អង្គ ពុំ​ទាន់​បាន​មក​ដល់​នៅ​ឡើយ។

31. ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ គេ​ពោល​ថា៖ «ពេល​ព្រះ‌គ្រិស្ដ​យាង​មក តើ​ព្រះ‌អង្គ​នឹង​សម្តែង​ទី​សម្គាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។

32. ពួក​ខាង​គណៈ​ផារីស៊ី*​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​ព្រះ‌យេស៊ូ។ ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ព្រះ‌វិហារ*​ឲ្យ​មក​ចាប់​ព្រះ‌អង្គ។

33. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តែ​មួយ​រយៈ​ពេល​ដ៏​ខ្លី​ទៀត​ប៉ុណ្ណោះ បន្ទាប់​មក ខ្ញុំ​នឹង​ទៅ​ឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​វិញ​ហើយ។

34. អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ»។

35. ជន‌ជាតិ​យូដា​សួរ​គ្នា​ថា៖ «តើ​គាត់​បម្រុង​ទៅ​ណា បាន​ជា​យើង​ពុំ​អាច​នឹង​រក​គាត់​ឃើញ​ដូច្នេះ? តើ​គាត់​គិត​ទៅ​នៅ​ជា​មួយ​ជន‌ជាតិ​យូដា ដែល​ខ្ចាត់‌ខ្ចាយ​ក្នុង​ចំណោម​ជន‌ជាតិ​ក្រិក ហើយ​បង្រៀន​ពួក​ក្រិក​ឬ?

36. គាត់​មាន​ប្រសាសន៍​ថា “អ្នក​រាល់​គ្នា​នឹង​តាម​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ទេ ដ្បិត​អ្នក​រាល់​គ្នា​ពុំ​អាច​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​បាន​ឡើយ” តើ​មាន​ន័យ​ដូច​ម្ដេច?»។

37. នៅ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ជា​ថ្ងៃ​ឱឡា‌រិក​បំផុត ព្រះ‌យេស៊ូ​ឈរ​នៅ​មុខ​បណ្ដា‌ជន បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​ខ្លាំង​ថា៖ «អ្នក​ណា​ស្រេក​ទឹក សុំ​អញ្ជើញ​មក​រក​ខ្ញុំ ហើយ​ពិសា​ចុះ។

38. អ្នក​ណា​ជឿ​លើ​ខ្ញុំ នឹង​មាន​ទន្លេ​បង្ហូរ​ទឹក​ផ្ដល់​ជីវិត​ចេញ​ពី​អ្នក​នោះ​មក ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ស្រាប់»។

សូមអានជំពូកពេញលេញ យ៉ូហាន 7