គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:2-20 Khmer Standard Version (KHSV)

2. ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។

3. បង‌ប្អូន​ព្រះ‌យេស៊ូ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។

4. អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។

5. បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​ពុំ​ជឿ​លើ​ព្រះ‌អង្គ​ទេ។

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។

7. មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។

8. ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ក្នុង​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។

10. កាល​ប្អូនៗ​របស់​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ទ្រង់​យាង​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។

11. ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។

12. បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​ព្រះ‌អង្គ ខ្លះ​ថា«លោក​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។

13. ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​ព្រះ‌អង្គ​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។

14. លុះ​ដល់​ពាក់​កណ្ដាល​ពិធី​បុណ្យ ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​ព្រះ‌វិហារ* ហើយ​បង្រៀន​បណ្ដា‌ជន។

15. ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។

16. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​មិន​មែន​ចេញ​ពី​ខ្ញុំ​ទេ គឺ​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។

17. អ្នក​ដែល​ចង់​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​មុខ​ជា​ដឹង​ថា សេចក្ដី​ដែល​ខ្ញុំ​បង្រៀន​នេះ​មក​ពី​ព្រះ‌អង្គ ឬ​មក​ពី​ខ្ញុំ​ផ្ទាល់​មិន​ខាន។

18. អ្នក​ណា​និយាយ​ដោយ​សំអាង​លើ​ខ្លួន​ផ្ទាល់ អ្នក​នោះ​រក​កិត្តិយសឡសម្រាប់​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ។ រីឯ​អ្នក​ដែល​រក​តែ​សិរី‌រុងរឿងរបស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្លួន​ឲ្យ​មក និយាយ​តែ​សេចក្ដី​ពិត​ឥត​កុហក​ឡើយ។

19. លោក​ម៉ូសេ​ប្រគល់​ក្រឹត្យ‌វិន័យ​ទុក​ឲ្យ​អ្នក​រាល់​គ្នា​រួច​ស្រេច​ហើយ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គ្មាន​នរណា​ម្នាក់​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ។ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។

20. បណ្ដា‌ជន​តប​ទៅ​ព្រះ‌អង្គ​ថា៖ «លោក​ពិត​ជា​មាន​អារក្ស​ចូល​ហើយ​បាន​ជា​និយាយ​ដូច្នេះ តើ​នរណា​រក​សម្លាប់​លោក?»។

សូមអានជំពូកពេញលេញ យ៉ូហាន 7