គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 7:1-13 Khmer Standard Version (KHSV)

1. ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​យាង​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​ធ្វើ​គុត​ព្រះ‌អង្គ។

2. ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​មួយ​របស់​ជន‌ជាតិ​យូដា ឈ្មោះ​បុណ្យ​បារាំ*។

3. បង‌ប្អូន​ព្រះ‌យេស៊ូ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​បង​ចាក​ចេញ​ពី​ទី​នេះ​ទៅ​ស្រុក​យូដា​ទៅ ដើម្បី​ឲ្យ​សិស្ស​របស់​បង​ឃើញ​កិច្ចការ​ដែល​បង​ធ្វើ។

4. អ្នក​ដែល​ចង់​ឲ្យ​គេ​ស្គាល់​ខ្លួន​មិន​ធ្វើ​ការ​អ្វី​ដោយ​លាក់​កំបាំង​ឡើយ។ បើ​បង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ ត្រូវ​បង្ហាញ​ឲ្យ​មនុស្ស​លោក​ឃើញ​ផង»។

5. បង‌ប្អូន​របស់​ព្រះ‌យេស៊ូ​ពុំ​ជឿ​លើ​ព្រះ‌អង្គ​ទេ។

6. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ។ រីឯ​ប្អូនៗ​វិញ ចង់​ធ្វើ​អ្វី​ពេល​ណា​ក៏​បាន។

7. មនុស្ស​លោក​មិន​អាច​ស្អប់​ប្អូនៗ​បាន​ឡើយ ប៉ុន្តែ គេ​ស្អប់​បង ព្រោះ​បង​បាន​បញ្ជាក់​ប្រាប់​ថា អំពើ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​អាក្រក់។

8. ចូរ​ប្អូនៗ​ឡើង​ទៅ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទៅ បង​មិន​ឡើង​ទៅ​ទេ ព្រោះ​ពេល​កំណត់​របស់​បង​មិន​ទាន់​មក​ដល់​នៅ​ឡើយ»។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ក្នុង​ស្រុក​កាលី‌ឡេ​ត​ទៅ​ទៀត។

10. កាល​ប្អូនៗ​របស់​ព្រះ‌យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ផុត​អស់​ទៅ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​ដែរ ប៉ុន្តែ ទ្រង់​យាង​ទៅ​ស្ងាត់ៗ មិន​ឲ្យ​នរណា​ឃើញ​ឡើយ។

11. ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។

12. បណ្ដា‌ជន​ខ្សឹប‌ខ្សៀវ​គ្នា​ជា​ច្រើន​ស្ដី​អំពី​ព្រះ‌អង្គ ខ្លះ​ថា«លោក​នោះ​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​បណ្ដា‌ជន»។

13. ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​ព្រះ‌អង្គ​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។

សូមអានជំពូកពេញលេញ យ៉ូហាន 7