គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:55-67 Khmer Standard Version (KHSV)

55. សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។

56. អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។

57. ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះ‌អង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។

58. អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។

59. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទាំង​នេះ នៅ​ពេល​ព្រះ‌អង្គ​បង្រៀន​គេ​ក្នុង​សាលា​ប្រជុំ* នៅ​ក្រុង​កាពើ‌ណិម។

60. ក្រោយ​ពី​បាន​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ហើយ ក្នុង​ចំណោម​សិស្ស*​មាន​គ្នា​ច្រើន​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​ទាស់​ត្រចៀក​ណាស់ តើ​នរណា​អាច​ទ្រាំ​ស្ដាប់​បាន?»។

61. ព្រះ‌យេស៊ូ​ឈ្វេង​យល់​ថា ពួក​សិស្ស​រអ៊ូ‌រទាំ​ពី​ពាក្យ​ទាំង​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​ពាក្យ​ទាំង​នេះ​នាំ​ឲ្យ​អ្នក​រាល់​គ្នា​រវាត​ចិត្ត បាត់​ជំនឿ​ឬ?

62. ចុះ​បើ​អ្នក​រាល់​គ្នា​ឃើញ​បុត្រ​មនុស្ស*​ឡើង​ទៅ​ស្ថាន​ដែល​លោក​នៅ​ពី​មុន​វិញ តើ​ចិត្ត​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​យ៉ាង​ណា?

63. មាន​តែ​ព្រះ‌វិញ្ញាណ​ទេ​ដែល​ផ្ដល់​ជីវិត និស្ស័យ​លោកីយ៍​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។ រីឯ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា សុទ្ធ​តែ​ចេញ​មក​ពី​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត។

64. ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ខ្លះ​គ្មាន​ជំនឿ​ទេ»។ តាំង​ពី​ដើម​ដំបូង​មក ព្រះ‌យេស៊ូ​ស្គាល់​អស់​អ្នក​ដែល​គ្មាន​ជំនឿ ព្រម​ទាំង​ស្គាល់​អ្នក​ដែល​នឹង​ក្បត់​ព្រះ‌អង្គ​រួច​ស្រេច​ទៅ​ហើយ។

65. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ហេតុ​នេះ​បាន​ជា​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ថា ប្រសិន​បើ​ព្រះ‌បិតា​មិន​ប្រោស​ប្រទាន​ទេ នោះ​គ្មាន​នរណា​អាច​មក​រក​ខ្ញុំ​បាន​ឡើយ»។

66. ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះ‌អង្គ​ទៀត។

67. ព្រះ‌យេស៊ូ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​សិស្ស​ទាំង​ដប់‌ពីរ​រូប​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ?»។

សូមអានជំពូកពេញលេញ យ៉ូហាន 6