គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:44-58 Khmer Standard Version (KHSV)

44. ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

45. ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។

46. សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ‌អង្គ។

47. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

48. ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។

49. បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន ហើយ​ទទួល​មរណ‌ភាព​អស់​ទៅ។

50. រីឯ​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ មាន​ប្រសិទ្ធ​ភាព​បែប​នេះ គឺ​អ្នក​ណា​បរិភោគ អ្នក​នោះ​មិន​ស្លាប់​ឡើយ។

51. ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​មាន​ជីវិត ចុះ​មក​ពី​ស្ថាន​បរម‌សុខ។ អ្នក​ណា​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច។ អាហារ​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ គឺ​ខ្លួន​ខ្ញុំផ្ទាល់​ដែល​ត្រូវ​បូជា​សម្រាប់​ឲ្យ​មនុស្ស​លោក​មាន​ជីវិត»។

52. ជន‌ជាតិ​យូដា​ទាស់‌ទែង​គ្នា​យ៉ាង​ខ្លាំង ហើយ​គេ​និយាយ​ថា៖ «តើ​អ្នក​នេះ​អាច​ឲ្យ​ខ្លួន​គាត់​ផ្ទាល់​មក​យើង​បរិភោគ​ដូច​ម្ដេច​កើត?»។

53. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ពិសា​សាច់ និង​លោហិត​របស់​បុត្រ​មនុស្ស*​ទេ អ្នក​រាល់​គ្នា​គ្មាន​ជីវិត​ក្នុង​ខ្លួន​ឡើយ។

54. អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្ញុំ​ក៏​នឹង​ប្រោស​គេ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង។

55. សាច់​របស់​ខ្ញុំ​ជា​អាហារ​ដ៏​ពិត​ប្រាកដ លោហិត​របស់​ខ្ញុំ​ក៏​ជា​ភេសជ្ជៈ​ដ៏​ពិត​ប្រាកដ​ដែរ។

56. អ្នក​ណា​ពិសា​សាច់ និង​លោហិត​របស់​ខ្ញុំ អ្នក​នោះ​ស្ថិត​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​ដែរ។

57. ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​មាន​ព្រះ‌ជន្ម​រស់ ហើយ​ខ្ញុំ​មាន​ជីវិត​ដោយ‌សារ​ព្រះ‌អង្គ​យ៉ាង​ណា អ្នក​បរិភោគ​ខ្ញុំ ក៏​នឹង​មាន​ជីវិត​រស់ ដោយ‌សារ​ខ្ញុំ​យ៉ាង​នោះ​ដែរ។

58. អាហារ​ដែល​បាន​ចុះ​ពី​ស្ថាន​បរម‌សុខ​មក មាន​ប្រសិទ្ធ‌ភាព​ខុស​ពី​អាហារ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​បរិភោគ ដ្បិត​លោក​ទទួល​មរណ‌ភាព​អស់​ទៅ​ហើយ។ រីឯ​អ្នក​ដែល​បរិភោគ​អាហារ​នេះ នឹង​រស់​នៅ​អស់‌កល្ប​ជា‌និច្ច»។

សូមអានជំពូកពេញលេញ យ៉ូហាន 6