គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:39-48 Khmer Standard Version (KHSV)

39. រីឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

40. ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះ‌អង្គ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។

41. ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។

42. គេ​ពោល​ថា៖ «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​កូន​របស់​លោក​យ៉ូសែប​ទេ​តើ! យើង​ស្គាល់​ទាំង​ឪពុក​ទាំង​ម្ដាយ ម្ដេច​ក៏​គាត់​ពោល​ថា​គាត់​ចុះ​មក​ពី​ស្ថាន​បរម‌សុខ​ដូច្នេះ?»។

43. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឈប់​នាំ​គ្នា​រអ៊ូ‌រទាំ​ទៅ!។

44. ប្រសិន​បើ​ព្រះ‌បិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មិន​ទាក់‌ទាញ​ចិត្ត​គេ​ទេ គ្មាន​នរណា​ម្នាក់​អាច​មក​រក​ខ្ញុំ​បាន​ឡើយ។ រីឯ​ខ្ញុំ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

45. ក្នុង​គម្ពីរ​ព្យាការី​មាន​ចែង​ទុក​មក​ថា “ព្រះ‌ជាម្ចាស់​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ទាំង​អស់”។ អស់​អ្នក​ដែល​បាន​ស្ដាប់​ព្រះ‌បិតា ហើយ​ទទួល​យក​ការ​ប្រៀន‌ប្រដៅ​របស់​ព្រះ‌អង្គ មុខ​ជា​មក​រក​ខ្ញុំ​ពុំ‌ខាន។

46. សេចក្ដី​នេះ​ពុំ​មែន​មាន​ន័យ​ថា មាន​នរណា​ម្នាក់​បាន​ឃើញ​ព្រះ‌បិតា​ឡើយ លើក‌លែង​តែ​អ្នក​មក​ពី​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ គឺ​អ្នក​នោះ​ហើយ​ដែល​បាន​ឃើញ​ព្រះ‌អង្គ។

47. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ជឿ អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។

48. ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។

សូមអានជំពូកពេញលេញ យ៉ូហាន 6