គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:27-41 Khmer Standard Version (KHSV)

27. កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។

28. គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។

30. គេ​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?

31. បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន*​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក”»។

32. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ*​មក​ឲ្យ​អ្នក​រាល់​គ្នា

33. ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។

34. គេ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។

35. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​នេះ​ហើយ​ជា​អាហារ​ដែល​ផ្ដល់​ជីវិត។ អ្នក​ណា​មក​រក​ខ្ញុំ លែង​ឃ្លាន​ទៀត​ហើយ អ្នក​ណា​ជឿ​លើ​ខ្ញុំ ក៏​លែង​ស្រេក​ទៀត​ដែរ។

36. ប៉ុន្តែ ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​រួច​ហើយ​ថា “អ្នក​រាល់​គ្នា​បាន​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ជឿ​ទេ”។

37. អស់​អ្នក​ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​តែងតែ​មក​រក​ខ្ញុំ ហើយ​ខ្ញុំ​មិន​បោះ​បង់​ចោល​អ្នក​ដែល​មក​រក​ខ្ញុំ​ជា​ដាច់​ខាត

38. ដ្បិត​ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។

39. រីឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ខ្ញុំ​ប្រោស​គេ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។

40. ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះ‌អង្គ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ ខ្ញុំ​នឹង​ប្រោស​អ្នក​នោះ​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត​ផង»។

41. ជន‌ជាតិ​យូដា​រអ៊ូ‌រទាំ​ពី​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “ខ្ញុំ​ជា​អាហារ​ដែល​ចុះ​មក​ពី​ស្ថាន​បរម‌សុខ*”។

សូមអានជំពូកពេញលេញ យ៉ូហាន 6