គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:23-34 Khmer Standard Version (KHSV)

23. ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំប៉័ង ក្រោយ​ពី​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ។

24. កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម តាម​រក​ព្រះ‌អង្គ។

25. បណ្ដា‌ជន​បាន​ជួប​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។

27. កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។

28. គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។

29. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កិច្ចការ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​លើ​អ្នក ដែល​ព្រះ‌អង្គ​បាន​ចាត់​ឲ្យ​មក»។

30. គេ​ទូល​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «តើ​លោក​ធ្វើ​ការ​អ្វី​ជា​ទី​សម្គាល់​ឲ្យ​យើង​ខ្ញុំ​ឃើញ និង​ជឿ​លោក? តើ​លោក​ធ្វើ​កិច្ចការ​អ្វី​ខ្លះ?

31. បុព្វបុរស​របស់​យើង​បាន​បរិភោគ​នំ​ម៉ាណា នៅ​វាល​រហោ‌ស្ថាន*​ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​ថា “ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​បរិភោគ​នំប៉័ង ដែល​ធ្លាក់​ពី​ស្ថាន​បរម‌សុខ*​មក”»។

32. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មិន​មែន​លោក​ម៉ូសេ​ទេ ដែល​បាន​ផ្ដល់​អាហារ​ពី​ស្ថាន​បរម‌សុខ​មក​នោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ ដែល​ប្រទាន​អាហារ​ដ៏​ពិត​ប្រាកដ​ពី​ស្ថាន​បរម‌សុខ*​មក​ឲ្យ​អ្នក​រាល់​គ្នា

33. ដ្បិត​អាហារ​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ គឺ​អ្នក​ដែល​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ហើយ​ផ្ដល់​ជីវិត​ឲ្យ​មនុស្ស​លោក»។

34. គេ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​លោក​ប្រទាន​អាហារ​នោះ​ឲ្យ​យើង​ខ្ញុំ រហូត​ត​ទៅ»។

សូមអានជំពូកពេញលេញ យ៉ូហាន 6