គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:16-28 Khmer Standard Version (KHSV)

16. លុះ​ដល់​ល្ងាច ពួក​សិស្ស*​នាំ​គ្នា​ចុះ​ទៅ​មាត់​សមុទ្រ។

17. គេ​ជិះ​ទូក​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម នៅ​ត្រើយ​ម្ខាង។ ពេល​នោះ ងងឹត​ហើយ តែ​ព្រះ‌យេស៊ូ​ពុំ​ទាន់​យាង​មក​រក​គេ​នៅ​ឡើយ​ទេ

18. ខ្យល់​បក់​បោក​មក​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ទឹក​សមុទ្រ​មាន​រលក​ធំៗ។

19. កាល​គេ​ចែវ​ទូក​បាន​ចម្ងាយ​ប្រមាណ​ជា​ប្រាំ ឬ​ប្រាំ​មួយ​គីឡូ‌ម៉ែត្រ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ ចូល​មក​ជិត​ទូក គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

20. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី»។

21. ពួក​សិស្ស​ចង់​យាង​ព្រះ‌អង្គ​ចូល​មក​ក្នុង​ទូក រំពេច​នោះ ទូក​ក៏​ទៅ​ដល់​ត្រើយ ចំ​កន្លែង​ដែល​គេ​បម្រុង​នឹង​ទៅ។

22. ថ្ងៃ​បន្ទាប់​មក​ទៀត បណ្ដា‌ជន​ដែល​នៅ​ត្រើយ​ខាង​នាយ​សមុទ្រ សង្កេត​ឃើញ​ថា នៅ​កន្លែង​នោះ​មាន​ទូក​តែ​មួយ​គត់ ហើយ​ថា​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស*​ទេ គឺ​មាន​តែ​ពួក​សិស្ស​ប៉ុណ្ណោះ​ដែល​បាន​ជិះ​ទូក​ចេញ​ទៅ។

23. ប៉ុន្តែ មាន​ទូក​ឯ​ទៀតៗ​មក​ពី​ភូមិ​ទីបេ‌រាស ចត​នៅ​ជិត​កន្លែង​ដែល​គេ​បាន​បរិភោគ​នំប៉័ង ក្រោយ​ពី​ព្រះ‌អម្ចាស់​បាន​អរ​ព្រះ‌គុណ។

24. កាល​បណ្ដា‌ជន​ពុំ​ឃើញ​ព្រះ‌យេស៊ូ និង​ពួក​សិស្ស​នៅ​ទី​នោះ​ទៀត គេ​ក៏​នាំ​គ្នា​ចុះ​ទូក​ទាំង​នោះ​ឆ្លង​ទៅ​ក្រុង​កាពើ‌ណិម តាម​រក​ព្រះ‌អង្គ។

25. បណ្ដា‌ជន​បាន​ជួប​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! តើ​លោក​មក​ដល់​ពី​អង្កាល់?»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​តាម​រក​ខ្ញុំ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​បាន​ឃើញ​ទី​សម្គាល់​ទេ គឺ​មក​ពី​អ្នក​រាល់​គ្នា​បាន​បរិភោគ​អាហារ​ឆ្អែត​តែ​ប៉ុណ្ណោះ។

27. កុំ​ធ្វើ​កិច្ចការ ដើម្បី​ឲ្យ​គ្រាន់​តែ​បាន​អាហារ ដែល​តែង​រលួយ​ខូច​នោះ​ឡើយ គឺ​ឲ្យ​បាន​អាហារ​ដែល​នៅ​ស្ថិត‌ស្ថេរ និង​ផ្ដល់​ជីវិត​អស់‌កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​បុត្រ​មនុស្ស​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ដ្បិត​បុត្រ​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​បាន​ដៅ​សញ្ញា​សម្គាល់»។

28. គេ​នាំ​គ្នា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច​ម្ដេច ដើម្បី​នឹង​ធ្វើ​កិច្ចការ​របស់​ព្រះ‌ជាម្ចាស់?»។

សូមអានជំពូកពេញលេញ យ៉ូហាន 6