គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:1-15 Khmer Standard Version (KHSV)

1. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។

2. មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

3. ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។

4. ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។

5. ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះ‌អង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះ‌អង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។

7. លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។

8. មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖

9. «នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។

11. ព្រះ‌យេស៊ូ​យក​នំប៉័ង​មក​កាន់ អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​រួច​ប្រទាន​ឲ្យ​អ្នក​អង្គុយ​នៅ​ទី​នោះ។ រីឯ​ត្រី​វិញ ព្រះ‌អង្គ​ក៏​ធ្វើ​ដូច្នោះ​ដែរ ទ្រង់​ប្រទាន​ឲ្យ​គេ តាម​តែ​ម្នាក់ៗ​ចង់​បាន។

12. លុះ​គេ​បាន​បរិភោគ​ឆ្អែត​ហើយ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖ «ចូរ​ប្រមូល​នំប៉័ង​ដែល​នៅ​សល់ កុំ​ឲ្យ​មាន​បាត់​មួយ​ដុំ​សោះ​ឡើយ»។

13. ពួក​សិស្ស​នាំ​គ្នា​រើស​សំណល់​នំប៉័ង​ទាំង​ប្រាំ​ដុំ ដែល​បណ្ដា‌ជន​បរិភោគ​សល់ ប្រមូល​ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។

14. កាល​មនុស្ស‌ម្នា​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ​នោះ ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ព្យាការី*​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។

15. ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​បម្រុង​នឹង​ចាប់​ព្រះ‌អង្គ​យក​ទៅ​តែង​តាំង​ជា​ស្ដេច​ដូច្នេះ ព្រះ‌អង្គ​ក៏​យាង​ចាក​ចេញ​ពី​គេ ឡើង​ទៅ​លើ​ភ្នំ​សា​ជា​ថ្មី តែ​មួយ​ព្រះ‌អង្គ​ឯង។

សូមអានជំពូកពេញលេញ យ៉ូហាន 6