គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 6:1-10 Khmer Standard Version (KHSV)

1. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​សមុទ្រ​កាលី‌ឡេ ដែល​មាន​ឈ្មោះ​ថា​សមុទ្រ​ទីបេ‌រាស។

2. មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។

3. ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ ហើយ​គង់​នៅ​ទី​នោះ​ជា​មួយ​ពួក​សិស្ស*។

4. ពេល​នោះ បុណ្យ​ចម្លង* ជា​បុណ្យ​របស់​ជន‌ជាតិ​យូដា កាន់​តែ​ខិត​ជិត​ណាស់​ហើយ។

5. ព្រះ‌យេស៊ូ​ទត​ឃើញ​បណ្ដា‌ជន​មក​តាម​ព្រះ‌អង្គ​ច្រើន​កុះ‌ករ​យ៉ាង​នេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «តើ​យើង​ទៅ​រក​ទិញ​អាហារ​ឯ​ណា​មក​ចែក​ឲ្យ​អ្នក​ទាំង​នេះ​បរិភោគ​បាន?»។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ល្បង​មើល​ចិត្ត​លោក​ភីលីព តាម​ពិត ព្រះ‌អង្គ​ជ្រាប​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បម្រុង​នឹង​ធ្វើ​ស្រេច​ទៅ​ហើយ។

7. លោក​ភីលីព​ទូល​ថា៖ «ទោះ​បី​យើង​យក​ប្រាក់​ពីរ​រយ​ដួង*​ទៅ​ទិញ​នំប៉័ង​ក៏​មិន​គ្រាន់​ដែរ សូម្បី​តែ​ម្នាក់​មួយ​ដុំ​តូចៗ​ក៏​មិន​បាន​ផង»។

8. មាន​សិស្ស​ម្នាក់​ឈ្មោះ​អនទ្រេ ជា​ប្អូន​របស់​លោក​ស៊ីម៉ូន​ពេត្រុស ទូល​ព្រះ‌អង្គ​ថា៖

9. «នៅ​ទី​នេះ ក្មេង​ប្រុស​ម្នាក់​មាន​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​តូចៗ​ពីរ​កន្ទុយ។ ប៉ុន្តែ បើ​មាន​តែ​ប៉ុណ្ណឹង​ធ្វើ​ម្ដេច​នឹង​ឲ្យ​គ្រាន់​សម្រាប់​មនុស្ស​ដ៏​ច្រើន​យ៉ាង​នេះ?»។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​ឲ្យ​គេ​អង្គុយ​ចុះ»។ នៅ​ទី​នោះ​មាន​ស្មៅ​ច្រើន បណ្ដា‌ជន​ក៏​នាំ​គ្នា​អង្គុយ មាន​មនុស្ស​ប្រុស​ទាំង​អស់​ប្រមាណ​ប្រាំ​ពាន់​នាក់។

សូមអានជំពូកពេញលេញ យ៉ូហាន 6