គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:30-46 Khmer Standard Version (KHSV)

30. «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។

31. ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខីភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។

32. ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខីភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។

33. អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត។

34. ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខីភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។

35. លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ។

36. រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខីភាព​មួយ​ប្រសើរ​ជាង​សក្ខីភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។

37. ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ផង។

38. អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។

39. អ្នក​រាល់​គ្នា​ខំ​ពិនិត្យ‌ពិច័យ​មើល​គម្ពីរ ព្រោះ​នឹក​ស្មាន​ថា នឹង​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​គម្ពីរ​ទាំង​នេះ គឺ​គម្ពីរ​នេះ​ហើយ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ

40. ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ចង់​មក​រក​ខ្ញុំ ដើម្បី​ឲ្យ​បាន​ជីវិត​ឡើយ។

41. ខ្ញុំ​មិន​ចង់​ទទួល​សិរី‌រុងរឿង​ពី​មនុស្ស​ទេ។

42. ម្យ៉ាង​ទៀត ខ្ញុំ​ស្គាល់​ចិត្ត​អ្នក​រាល់​គ្នា​ហើយ អ្នក​រាល់​គ្នា​គ្មាន​ចិត្ត​ស្រឡាញ់​ព្រះ‌ជាម្ចាស់​សោះ។

43. ខ្ញុំ​មក ក្នុង​ព្រះ‌នាម​ព្រះ‌បិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ឡើយ។ ប្រសិន​បើ​មាន​ម្នាក់​ទៀត​មក​ក្នុង​នាម​ខ្លួន​គេ​ផ្ទាល់ អ្នក​រាល់​គ្នា​មុខ​ជា​ទទួល​គេ​មិន​ខាន!

44. តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ទទួល​សិរី‌រុងរឿង​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​សិរី‌រុងរឿង​ពី​ព្រះ‌ជាម្ចាស់​តែ​មួយ​គត់​សោះ​នោះ?

45. កុំ​នឹក​ស្មាន​ថា ខ្ញុំ​នឹង​ចោទ​ប្រកាន់​អ្នក រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌បិតា​ឡើយ គឺ​លោក​ម៉ូសេ​ជា​ទី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​វិញ​ទេ ដែល​នឹង​ចោទ​ប្រកាន់។

46. ប្រសិន​បើ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​លោក​ម៉ូសេ អ្នក​រាល់​គ្នា​មុខ​ជា​ជឿ​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​សរសេរ​ទុក​ក្នុង​គម្ពីរ​ស្ដី​អំពី​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូហាន 5