គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:19-38 Khmer Standard Version (KHSV)

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះ‌អង្គ​ផ្ទាល់​បាន​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ចការ​ណា ដែល​ទ្រង់​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។

20. ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។

21. ដូច​ព្រះ‌បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ‌បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

22. ព្រះ‌បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ព្រះ‌អង្គ​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​វិញ

23. ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះ‌បុត្រា ដូច​គេ​គោរព​ព្រះ‌បិតា។ អ្នក​ណា​មិន​គោរព​ព្រះ‌បុត្រា​ទេ អ្នក​នោះ​ក៏​មិន​គោរព​ព្រះ‌បិតា ដែល​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​នោះ​ដែរ។

24. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។

25. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះ‌សូរសៀង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះ‌សូរសៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ

26. ដ្បិត​ព្រះ‌បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ

27. ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។

28. សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌បុត្រា

29. ហើយ​ចេញ​ពី​ផ្នូរ​មក។ អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ជីវិត រីឯ​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នឹង​រស់​ឡើង​វិញ ដើម្បី​ទទួល​ទោស»។

30. «ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​អំណាច​ខ្ញុំ​ផ្ទាល់​បាន​ឡើយ ខ្ញុំ​វិនិច្ឆ័យ​គ្រប់​ការ​ទាំង​អស់ តាម​សេចក្ដី​ដែល​ព្រះ‌បិតា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ហើយ​ការ​វិនិច្ឆ័យ​របស់​ខ្ញុំ​ត្រឹម​ត្រូវ ព្រោះ​ខ្ញុំ​មិន​ប្រាថ្នា​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ឡើយ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ឲ្យ​ខ្ញុំ​មក​នោះ​វិញ។

31. ប្រសិន​បើ​ខ្ញុំ​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្លួន​ខ្ញុំ​ផ្ទាល់ សក្ខីភាព​របស់​ខ្ញុំ​មិន​ពិត​ទេ។

32. ប៉ុន្តែ មាន​ម្នាក់​ទៀត​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​សក្ខីភាព​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ ស្រប​តាម​សេចក្ដី​ពិត។

33. អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​សួរ​លោក​យ៉ូហាន លោក​ក៏​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត។

34. ចំពោះ​ខ្ញុំ ខ្ញុំ​មិន​ត្រូវ​ការ​សក្ខីភាព​ពី​មនុស្ស​ណា​ឡើយ តែ​ខ្ញុំ​ពោល​ដូច្នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ការ​សង្គ្រោះ។

35. លោក​យ៉ូហាន​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​កំពុង​ឆេះ​បំភ្លឺ ហើយ​អ្នក​រាល់​គ្នា​ក៏​ចង់​រីក‌រាយ​នឹង​ពន្លឺ​នោះ​មួយ​ស្របក់​ដែរ។

36. រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខីភាព​មួយ​ប្រសើរ​ជាង​សក្ខីភាព​របស់​លោក​យ៉ូហាន​ទៅ​ទៀត។ ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខីភាព​បញ្ជាក់​ថា ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។

37. ព្រះ‌បិតា​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ក៏​បាន​ធ្វើ​ជា​បន្ទាល់​ឲ្យ​ខ្ញុំ​ដែរ តែ​អ្នក​រាល់​គ្នា​មិន​ដែល​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ហើយ​ក៏​មិន​ដែល​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​ផង។

38. អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ចិត្ត​ទេ ព្រោះ​អ្នក​រាល់​គ្នា​ពុំ​ជឿ​អ្នក​ដែល​ព្រះ‌បិតា​បាន​ចាត់​ឲ្យ​មក។

សូមអានជំពូកពេញលេញ យ៉ូហាន 5