គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 5:10-28 Khmer Standard Version (KHSV)

10. ជន‌ជាតិ​យូដា​ស្ដី​ឲ្យ​បុរស​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​សិទ្ធិ​លី​គ្រែ​ស្នែង​របស់​អ្នក​ដូច្នេះ​ឡើយ»។

11. គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ជា ប្រាប់​ខ្ញុំ​ថា “ចូរ​យក​គ្រែ​ស្នែង​របស់​អ្នក​ដើរ​ទៅ​ចុះ!”»។

12. គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។

13. ប៉ុន្តែ បុរស​ដែល​បាន​ជា មិន​ដឹង​ថា​នរណា​បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​ព្រះ‌យេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។

14. ក្រោយ​មក ព្រះ‌យេស៊ូ​ជួប​គាត់​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ត​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។

15. បុរស​នោះ​ចេញ​ទៅ​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូ​ដែល​បាន​ប្រោស​គាត់​ឲ្យ​ជា។

16. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​ព្រះ‌យេស៊ូ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​សប្ប័ទ។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ព្រះ‌បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ព្រះ‌អង្គ​ដែរ»។

18. កាល​ឮ​ព្រះ‌បន្ទូល​នេះ ជន‌ជាតិ​យូដា​រឹត​តែ​ចង់​ធ្វើ​គុត​ព្រះ‌អង្គ​ខ្លាំង​ឡើងៗ មិន​មែន​មក​ពី​ព្រះ‌អង្គ​មិន​បាន​គោរព​តាម​វិន័យ* សម្រាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​ព្រះ‌អង្គ​ផ្ទាល់​ថែម​ទៀត ព្រះ‌អង្គ​លើក​ខ្លួន​ឡើង​ស្មើ​នឹង​ព្រះ‌ជាម្ចាស់។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ព្រះ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី​ដោយ​ព្រះ‌អង្គ​ផ្ទាល់​បាន​ឡើយ គឺ​ព្រះ‌បុត្រា​ធ្វើ​តែ​កិច្ចការ​ណា ដែល​ទ្រង់​បាន​ឃើញ​ព្រះ‌បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​ព្រះ‌បិតា​ធ្វើ ព្រះ‌បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។

20. ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ព្រះ‌បុត្រា និង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​គ្រប់​កិច្ចការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌បិតា​នឹង​បង្ហាញ​ឲ្យ​ព្រះ‌បុត្រា​ឃើញ​កិច្ចការ​ធំ​ជាង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ងឿង‌ឆ្ងល់។

21. ដូច​ព្រះ‌បិតា​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ‌បុត្រា​ប្រទាន​ជីវិត​ឲ្យ​នរណា​ក៏​បាន ស្រេច​តែ​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។

22. ព្រះ‌បិតា​មិន​ដាក់​ទោស​នរណា​ឡើយ គឺ​ព្រះ‌អង្គ​បាន​ប្រគល់​អំណាច​ដាក់​ទោស​ទាំង​អស់​ឲ្យ​ព្រះ‌បុត្រា​វិញ

23. ដើម្បី​ឲ្យ​មនុស្ស​គ្រប់ៗ​គ្នា​គោរព​ព្រះ‌បុត្រា ដូច​គេ​គោរព​ព្រះ‌បិតា។ អ្នក​ណា​មិន​គោរព​ព្រះ‌បុត្រា​ទេ អ្នក​នោះ​ក៏​មិន​គោរព​ព្រះ‌បិតា ដែល​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​នោះ​ដែរ។

24. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​និយាយ ហើយ​ជឿ​លើ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​ត្រូវ​ទទួល​ទោស​ឡើយ គឺ​បាន​ឆ្លង​ផុត​ពី​សេចក្ដី​ស្លាប់​ទៅ​រក​ជីវិត។

25. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ដល់​ពេល​កំណត់​គឺ​ឥឡូវ​នេះ​ហើយ មនុស្ស​ស្លាប់​នឹង​ឮ​ព្រះ‌សូរសៀង​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​អស់​អ្នក​ដែល​ឮ​ព្រះ‌សូរសៀង​នោះ​នឹង​មាន​ជីវិត​រស់​នៅ

26. ដ្បិត​ព្រះ‌បិតា​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​ណា ព្រះ‌អង្គ​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​ធ្វើ​ជា​ប្រភព​នៃ​ជីវិត​យ៉ាង​នោះ​ដែរ

27. ហើយ​ព្រះ‌បិតា​ក៏​ប្រទាន​ឲ្យ​ព្រះ‌បុត្រា​មាន​អំណាច​ដាក់​ទោស​ថែម​ទៀត​ផង ព្រោះ​ព្រះ‌បុត្រា​ជា​បុត្រ​មនុស្ស*។

28. សុំ​កុំ​ងឿង‌ឆ្ងល់​ឡើយ ដ្បិត​ដល់​ពេល​កំណត់ មនុស្ស​ស្លាប់​ទាំង​ប៉ុន្មាន​នឹង​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌បុត្រា

សូមអានជំពូកពេញលេញ យ៉ូហាន 5