គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:43-54 Khmer Standard Version (KHSV)

43. ពីរ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​ស្រុក​កាលី‌ឡេ។

44. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «គ្មាន​ព្យាការី​ណា​ម្នាក់​ត្រូវ​គេ​គោរព​ក្នុង​ស្រុក​កំណើត​របស់​ខ្លួន​ផ្ទាល់​ឡើយ»។

45. លុះ​ព្រះ‌អង្គ​យាង​ទៅ​ដល់​ស្រុក​កាលី‌ឡេ អ្នក​ស្រុក​នាំ​គ្នា​ទទួល​ព្រះ‌អង្គ ព្រោះ​គេ​បាន​ឃើញ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​សម្តែង ក្នុង​ឱកាស​ពិធី​បុណ្យ​ចម្លង*​នៅ​ក្រុង​យេរូ‌សាឡឹម ដ្បិត​គេ​ក៏​បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​នោះ​ដែរ។

46. ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ​ម្ដង​ទៀត ជា​ភូមិ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​ទំពាំង‌បាយជូរ។នៅ​ទី​នោះ មាន​អ្នក​រាជការ​ម្នាក់​មក​ពី​ក្រុង​កាពើ‌ណិម កូន​ប្រុស​របស់​លោក​មាន​ជំងឺ។

47. កាល​លោក​ជ្រាប​ថា ព្រះ‌យេស៊ូ​បាន​យាង​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​នេះ លោក​ក៏​ទៅ​រក​ព្រះ‌អង្គ ទូល‌អង្វរ​សូម​ព្រះ‌អង្គ​យាង​ទៅ​ប្រោស​កូន​របស់​លោក​ដែល​កំពុង​តែ​ឈឺ​ជិត​ផុត​ដង្ហើម​នោះ ឲ្យ​បាន​ជា​សះ‌ស្បើយ។

48. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​ទី​សម្គាល់ និង​ឫទ្ធិ​បាដិ‌ហារិយ៍​ទេ អ្នក​រាល់​គ្នា​មុខ​ជា​មិន​ជឿ​ឡើយ»។

49. មន្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ សូម​លោក​អញ្ជើញ​មក ក្រែង​កូន​របស់​ខ្ញុំ​ប្របាទ​ស្លាប់»។

50. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «អញ្ជើញ​ទៅ​ចុះ កូន​របស់​លោក​រស់​ហើយ»។ បុរស​នោះ​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ក៏​ចេញ​ដំណើរ​ទៅ។

51. ពេល​លោក​កំពុង​តែ​ដើរ​តាម​ផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ពួក​បម្រើ​របស់​លោក​នាំ​គ្នា​ចេញ​មក​ជម្រាប​ថា កូន​របស់​លោក​រស់​ហើយ។

52. លោក​ក៏​សួរ​អ្នក​បម្រើ​ឲ្យ​ដឹង​ថា កូន​របស់​លោក​បាន​ធូរ​ស្បើយ​ពី​ថ្មើរ​ណា។ គេ​តប​ថា៖ «កូន​របស់​លោក​បាត់​គ្រុន​ពី​ម្សិល‌មិញ វេលា​ម៉ោង​មួយ​រសៀល»។

53. ឪពុក​ដឹង​ថា គឺ​នៅ​ម៉ោង​នោះ​ឯង ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា“កូន​របស់​លោក​រស់​ហើយ!”។ លោក​ជឿ​លើ​ព្រះ‌យេស៊ូ ហើយ​ក្រុម​គ្រួសារ​របស់​លោក​ទាំង​មូល ក៏​ជឿ​លើ​ព្រះ‌អង្គ​ដែរ។

54. នេះ​ជា​ទី​សម្គាល់​លើក​ទី​ពីរ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ពេល​ដែល​ព្រះ‌អង្គ​វិល​ត្រឡប់​ពី​ស្រុក​យូដា​មក​ស្រុក​កាលី‌ឡេ​វិញ។

សូមអានជំពូកពេញលេញ យ៉ូហាន 4