គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 4:25-41 Khmer Standard Version (KHSV)

25. ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ​ថា ព្រះ‌មេស្ស៊ី​ហៅ​ព្រះ‌គ្រិស្ដ*​នឹង​យាង​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ទ្រង់​នឹង​ប្រទាន​ឲ្យ​យើង​ដឹង​សព្វ​គ្រប់​ទាំង​អស់»។

26. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​នេះ​ហើយ គឺ​ខ្ញុំ​ដែល​កំពុង​តែ​និយាយ​ជា​មួយ​នាង»។

27. ពេល​នោះ ពួក​សិស្ស​ត្រឡប់​មក​ដល់ ឃើញ​ព្រះ‌អង្គ​កំពុង​និយាយ​ជា​មួយ​ស្ត្រី​ដូច្នេះ គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង តែ​គ្មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​សួរ​រក​អ្វី ឬ​ហេតុ​ដូច​ម្ដេច​ក៏​មាន​ព្រះ‌បន្ទូល​ជា​មួយ​នាង​ឡើយ។

28. ស្ត្រី​នោះ​ទុក​ក្អម​ចោល រត់​ចូល​ទៅ​ក្នុង​ភូមិ ប្រាប់​អ្នក​ស្រុក​ថា៖

29. «សុំ​មក​មើល​បុរស​ម្នាក់ លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត។ លោក​នោះ​ជា​ព្រះ‌គ្រិស្ដ​ហើយ​មើល​ទៅ!»។

30. អ្នក​ស្រុក​នាំ​គ្នា​ចេញ​ពី​ភូមិ​ទៅ​រក​ព្រះ‌យេស៊ូ។

31. ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ សូម​អញ្ជើញ​ពិសា!»។

32. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​បរិភោគ​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់»។

33. ពួក​សិស្ស​ក៏​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​មាន​នរណា​ម្នាក់​យក​អាហារ​មក​ជូន​លោក​ហើយ​ទេ​ដឹង?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ចការ​របស់​ព្រះ‌អង្គ​ឲ្យ​បាន​សម្រេច។

35. អ្នក​រាល់​គ្នា​តែង​ពោល​ថា “បួន​ខែ​ទៀត ដល់​រដូវ​ចម្រូត”។ រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​មើល៍ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។

36. អ្នក​ច្រូត​បាន​ប្រាក់​ឈ្នួល​របស់​ខ្លួន ហើយ​កំពុង​ប្រមូល​ផល​ទុក​សម្រាប់​ជីវិត​អស់‌កល្ប​ជា‌និច្ច ដូច្នេះ អ្នក​សាប​ព្រោះ និង​អ្នក​ច្រូត​កាត់​បាន​សប្បាយ​រួម​ជា​មួយ​គ្នា

37. ស្រប​តាម​ពាក្យ​ចាស់​លោក​ថា: “ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត”។

38. ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត នៅ​ក្នុង​ស្រែ​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ការ​នឿយ‌ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​ការ​នឿយ‌ហត់ ហើយ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​ការ​នឿយ‌ហត់​របស់​អ្នក​ទាំង​នោះ»។

39. ក្នុង​ភូមិ​នោះ មាន​អ្នក​ស្រុក​សាម៉ារី​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌យេស៊ូ ដោយ‌សារ​ពាក្យ​ដែល​ស្ត្រី​នោះ​បាន​បញ្ជាក់​ប្រាប់​ថា “លោក​មាន​ប្រសាសន៍​ប្រាប់​ខ្ញុំ​នូវ​អំពើ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត”។

40. ហេតុ​នេះ​ហើយ​បាន​ជា​កាល​ជន‌ជាតិ​សាម៉ារី​ទៅ​គាល់​ព្រះ‌អង្គ គេ​អង្វរ​សូម​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ ព្រះ‌អង្គ​យល់​ព្រម​គង់​នៅ​ទី​នោះ​ពីរ​ថ្ងៃ។

41. មាន​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត បាន​ជឿ​លើ​ព្រះ‌អង្គ ដោយ​បាន​ឮ​ព្រះ‌បន្ទូល​ព្រះ‌អង្គ​ផ្ទាល់។

សូមអានជំពូកពេញលេញ យ៉ូហាន 4