គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 21:4-11 Khmer Standard Version (KHSV)

4. ព្រលឹម​ឡើង ព្រះ‌យេស៊ូ​ឈរ​នៅ​មាត់​ច្រាំង ប៉ុន្តែ ពួក​សិស្ស​មិន​ដឹង​ថា​ជា​ព្រះ‌អង្គ​ទេ។

5. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «កូន​ចៅ​អើយ! មាន​អ្វី​បរិភោគ​ឬ​ទេ?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «គ្មាន​ទេ»។

6. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​ទម្លាក់​អួន​ខាង​ស្ដាំ​ទូក​ទៅ មុខ​ជា​បាន​ត្រី​មិន​ខាន»។ គេ​ក៏​ទម្លាក់​អួន ហើយ​ពុំ​អាច​លើក​អួន​ឡើង​វិញ​បាន​ឡើយ ព្រោះ​មាន​ត្រី​ច្រើន​ពេក។

7. ពេល​នោះ សិស្ស​ដែល​ព្រះ‌យេស៊ូ​ស្រឡាញ់ និយាយ​ទៅ​លោក​ពេត្រុស​ថា៖ «ព្រះ‌អម្ចាស់​ទេ​តើ!»។ កាល​លោក​ស៊ីម៉ូន​ពេត្រុស​ឮ​ថា ព្រះ‌អម្ចាស់​ដូច្នេះ គាត់​ក៏​ស្លៀក‌ពាក់ ដ្បិត​គាត់​នៅ​ខ្លួន​ទទេ រួច​លោត​ទៅ​ក្នុង​ទឹក។

8. សិស្ស​ឯ​ទៀតៗ​នាំ​គ្នា​ចូល​ទូក​ទៅ​មាត់​ច្រាំង ទាំង​ទាញ​អួន​ដែល​មាន​ត្រី​ពេញ​ទៅ​ជា​មួយ​ផង ព្រោះ​គេ​មិន​នៅ​ឆ្ងាយ​ពី​ច្រាំង​ប៉ុន្មាន​ទេ គឺ​ប្រមាណ​ជា​ពីរ​រយ​ហត្ថ​ប៉ុណ្ណោះ។

9. គេ​ឡើង​ទៅ​លើ​គោក​ឃើញ​រងើក​ភ្លើង មាន​ដាក់​ត្រី និង​នំប៉័ង​អាំង​ពី​លើ​ផង។

10. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «សុំ​យក​ត្រី​ដែល​អ្នក​រាល់​គ្នា​ទើប​នឹង​ចាប់​បាន​មក​ណេះ!»។

11. លោក​ស៊ីម៉ូន​ពេត្រុស​ចុះ​ទៅ​ក្នុង​ទូក ទាញ​អួន​ដែល​មាន​ត្រី​ពេញ​មក​ដាក់​លើ​គោក គឺ​មាន​ត្រី​ធំៗ​ចំនួន​មួយ​រយ​ហា‌សិប​បី។ ទោះ​បី​មាន​ត្រី​ច្រើន​យ៉ាង​នេះ​ក៏​ដោយ ក៏​អួន​មិន​ធ្លាយ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 21