គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 20:5-17 Khmer Standard Version (KHSV)

5. គាត់​ឈ្ងោក​មើល​ទៅ ឃើញ​សំពត់​ស្នប តែ​គាត់​មិន​ចូល​ទៅ​ក្នុង​ផ្នូរ​ឡើយ។

6. លោក​ស៊ីម៉ូន​ពេត្រុស​រត់​តាម​ក្រោយ​មក​ដល់ គាត់​ចូល​ទៅ​ក្នុង​ផ្នូរ ហើយ​សម្លឹង​មើល​សំពត់​ស្នប​នៅ​ទី​នោះ

7. ព្រម​ទាំង​ក្រណាត់​ដែល​គេ​គ្រប​ព្រះ‌សិរសា​ព្រះ‌អង្គ មូរ​ទុក​ដោយ​ឡែក គឺ​មិន​នៅ​ជា​មួយ​សំពត់​ស្នប​ទេ។

8. ពេល​នោះ សិស្ស​ដែល​ទៅ​ដល់​ផ្នូរ​មុន ក៏​ចូល​ទៅ​ខាង​ក្នុង​ដែរ គាត់​បាន​ឃើញ​ហើយ​ជឿ។

9. កាល​ណោះ ពួក​សិស្ស​ពុំ​ទាន់​យល់​អត្ថ‌ន័យ​គម្ពីរ ដែល​ចែង​ទុក​មក​ថា ព្រះ‌យេស៊ូ​ត្រូវ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ឡើយ​ទេ។

10. បន្ទាប់​មក សិស្ស​ទាំង​ពីរ​ក៏​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ។

11. នាង​ម៉ារី​ឈរ​យំ​នៅ​ខាង​ក្រៅ ក្បែរ​មាត់​ផ្នូរ។ នាង​ឈ្ងោក​មើល​ទៅ​ខាង​ក្នុង​ផ្នូរ ទាំង​យំ

12. ឃើញ​ទេវតា*​ពីរ​រូប​ស្លៀក‌ពាក់​ស អង្គុយ​នៅ​ត្រង់​កន្លែង​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ ម្នាក់​អង្គុយ​នៅ​ខាង​ព្រះ‌សិរសា ម្នាក់​ទៀត​នៅ​ខាង​ចុង​ព្រះ‌បាទា។

13. ទេវតា​ពោល​មក​កាន់​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ?»។ នាង​ឆ្លើយ​ទៅ​ទេវតា​វិញ​ថា៖ «មាន​គេ​យក​សព​ព្រះ‌អម្ចាស់​របស់​នាង​ខ្ញុំ​ទៅ​បាត់ មិន​ដឹង​ជា​គេ​យក​ទៅ​ដាក់​នៅ​ឯ​ណា​ឡើយ»។

14. ពេល​នាង​កំពុង​តែ​និយាយ​ដូច្នេះ នាង​បែរ​ទៅ​ក្រោយ ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ទី​នោះ តែ​នាង​មិន​ដឹង​ថា​ជា​ព្រះ‌អង្គ​ទេ។

15. ព្រះ‌យេស៊ូ​សួរ​នាង​ថា៖ «នាង​អើយ! ម្ដេច​ក៏​នាង​យំ? នាង​រក​អ្នក​ណា?»។ នាង​ស្មាន​ថា​ជា​អ្នក​ថែ‌រក្សា​សួន​ច្បារ នាង​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​យក​សព​ទៅ សូម​ប្រាប់​ឲ្យ​នាង​ខ្ញុំ​ដឹង​ផង លោក​ដាក់​នៅ​ឯ​ណា នាង​ខ្ញុំ​នឹង​ទៅ​យក»។

16. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​ព្រះ‌អង្គ ហើយ​ទូល​ព្រះ‌អង្គ​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“ព្រះ‌គ្រូ!”។

17. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ឃាត់​ខ្ញុំ​ទុក​អី ដ្បិត​ខ្ញុំ​មិន​ទាន់​បាន​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ​នៅ​ឡើយ។ សុំ​ទៅ​ប្រាប់​ពួក​បង‌ប្អូន​ខ្ញុំ​ផង​ថា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ‌បិតា​ខ្ញុំ ដែល​ជា​ព្រះ‌បិតា​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ឡើង​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​ដែល​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ដែរ»។

សូមអានជំពូកពេញលេញ យ៉ូហាន 20