គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 2:5-16 Khmer Standard Version (KHSV)

5. មាតា​របស់​ព្រះ‌អង្គ​ប្រាប់​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «បើ​លោក​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ទៅ»។

6. នៅ​ទី​នោះ មាន​ពាង​ប្រាំ​មួយ​ដែល​ជន‌ជាតិ​យូដា​ដាក់​ទឹក សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ពាង​នីមួយៗ​មាន​ចំណុះ​ប្រមាណ​ជា​ពីរ​បី​អំរែក។

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​បម្រើ​ថា៖ «សុំ​ដង​ទឹក​មក​ចាក់​ឲ្យ​ពេញ​ពាង​ទាំង​នេះ​ទៅ»។ គេ​ក៏​ដង​ទឹក​ចាក់​ពេញ​ពាង។

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ សុំ​ដង​យក​ទៅ​ជូន​លោក​ចៅ‌មហា​ទៅ» គេ​ក៏​ដង​យក​ទៅ​ជូន។

9. លោក​ចៅ‌មហា​ភ្លក់​ទឹក ដែល​បាន​ប្រែ​មក​ជា​ស្រា​ទំពាំង‌បាយជូរ។ គាត់​មិន​ដឹង​ថា គេ​បាន​ស្រា​នេះ​មក​ពី​ណា​ឡើយ មាន​តែ​ពួក​អ្នក​បម្រើ​ដែល​បាន​ដង​ទឹក មក​ចាក់​ពាង​ទើប​ដឹង។

10. គាត់​ហៅ​កូន​កំលោះ​មក និយាយ​ថា៖ «អ្នក​ផង​ទាំង​ពួង​តែង​យក​ស្រា​ទំពាំង‌បាយជូរ​ឆ្ងាញ់​មក​ជូន​ភ្ញៀវ​ជា​មុន លុះ​ភ្ញៀវ​ពិសា​ច្រើន​ហើយ ទើប​គេ​យក​ស្រា​មិន​សូវ​ឆ្ងាញ់​មក​ជូន​តាម​ក្រោយ។ រីឯ​អ្នក​វិញ ម្ដេច​ក៏​ទុក​ស្រា​ឆ្ងាញ់​មក​ទល់​ឥឡូវ​ដូច្នេះ!»។

11. នេះ​ជា​ទី​សម្គាល់​ដំបូង​បង្អស់ ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​ព្រះ‌អង្គ។

12. បន្ទាប់​មក ព្រះ‌អង្គ​យាង​ចុះ​ទៅ​ក្រុង​កាពើ‌ណិម​ជា​មួយ​មាតា ព្រម​ទាំង​បង‌ប្អូន និង​សិស្ស​របស់​ព្រះ‌អង្គ ហើយ​ស្នាក់​នៅ​ទី​នោះ​មួយ​រយៈ​ពេល​ខ្លី។

13. បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

14. នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះ‌អង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។

15. ព្រះ‌អង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ* ព្រះ‌អង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។

សូមអានជំពូកពេញលេញ យ៉ូហាន 2