គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 2:13-25 Khmer Standard Version (KHSV)

13. បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ជិត​មក​ដល់​ហើយ ព្រះ‌យេស៊ូ​ក៏​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម។

14. នៅ​ក្នុង​បរិវេណ​ព្រះ‌វិហារ* ព្រះ‌អង្គ​ឃើញ​អ្នក​លក់​គោ លក់​ចៀម លក់​ព្រាប និង​អ្នក​អង្គុយ​ដូរ​ប្រាក់។

15. ព្រះ‌អង្គ​យក​ខ្សែ​ធ្វើ​រំពាត់​ដេញ​អ្នក​ទាំង​នោះ ព្រម​ទាំង​ចៀម និង​គោ​របស់​គេ​ចេញ​ពី​បរិវេណ​ព្រះ‌វិហារ* ព្រះ‌អង្គ​បាច​ប្រាក់​អ្នក​ដូរ​ប្រាក់​ចោល ហើយ​ផ្កាប់​តុ​របស់​គេ​ផង។

16. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​លក់​ព្រាប​ថា៖ «ចូរ​យក​របស់​ទាំង​អស់​នេះ​ចេញ​ទៅ កុំ​យក​ដំណាក់​ព្រះ‌បិតា​ខ្ញុំ ធ្វើ​ជា​កន្លែង​លក់​ដូរ​ដូច្នេះ​ឡើយ»។

17. ពួក​សិស្ស*​នឹក​ឃើញ​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា៖ «មក​ពី​ទូលបង្គំ​ស្រឡាញ់​ព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ បាន​ជា​គេ​ប្រហារ​ជីវិត​ទូលបង្គំ»។

18. ពេល​នោះ ជន‌ជាតិ​យូដា​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​មាន​ទី​សម្គាល់​អ្វី បង្ហាញ​ឲ្យ​យើង​ដឹង​ថា លោក​មាន​សិទ្ធិ​ធ្វើ​ការ​ទាំង​នេះ?»។

19. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គេ​ថា៖ «ចូរ​រុះ​ព្រះ‌វិហារ*​នេះ​ចោល​ទៅ ខ្ញុំ​នឹង​សង់​ឡើង​វិញ​ក្នុង​រវាង​បី​ថ្ងៃ»។

20. ជន‌ជាតិ​យូដា​តប​ថា៖ «គេ​បាន​ចំណាយ​ពេល​សែ‌សិប​ប្រាំ​មួយ​ឆ្នាំ ដើម្បី​សង់​ព្រះ‌វិហារ​នេះ រីឯ​លោក លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ​ឬ?»។

21. តាម​ពិត ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សំដៅ​ទៅ​លើ​ព្រះ‌វិហារ ដែល​ជា​រូប​កាយ​របស់​ព្រះ‌អង្គ​វិញ​ឯ‌ណោះ​ទេ។

22. ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ពួក​សិស្ស​នឹក​ឃើញ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ គេ​ក៏​ជឿ​ព្រះ‌គម្ពីរ ព្រម​ទាំង​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែរ។

23. ពេល​ព្រះ‌យេស៊ូ​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ឃើញ​ទី​សម្គាល់​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

24. ប៉ុន្តែ ព្រះ‌យេស៊ូ​ពុំ​ទុក​ចិត្ត​គេ​ទេ ដ្បិត​ព្រះ‌អង្គ​ស្គាល់​ចិត្ត​គំនិត​អ្នក​ទាំង​នោះ

25. មិន​បាច់​មាន​នរណា​ពន្យល់​ព្រះ‌អង្គ​អំពី​ចិត្ត​មនុស្ស​ឡើយ ព្រោះ​ព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​ចិត្ត​មនុស្ស។

សូមអានជំពូកពេញលេញ យ៉ូហាន 2