គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:7-20 Khmer Standard Version (KHSV)

7. ជន‌ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​ក្រឹត្យ‌វិន័យ ហើយ​តាម​ក្រឹត្យ‌វិន័យ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់»។

8. កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។

9. លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។

10. ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។

11. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប*​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។

12. តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោ‌បាយ​ដោះ​លែង​ព្រះ‌យេស៊ូ ប៉ុន្តែ ជន‌ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន​មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះចៅ​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ!»។

13. កាល​លោក​ពីឡាត​ឮ​ពាក្យ​នេះ លោក​នាំ​ព្រះ‌យេស៊ូ​ទៅ​ខាង​ក្រៅ ឲ្យ​គង់​លើ​វេទិកា​សម្រាប់​កាត់​ក្ដី នៅ​ត្រង់​កន្លែង​មួយ​ឈ្មោះ “លាន​ក្រាល​ថ្ម” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កាប្បាថា”

14. ពេល​នោះ​ជា​ថ្ងៃ​ដែល​គេ​រៀបចំ​បុណ្យ​ចម្លង* ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។

15. ប៉ុន្តែ ជន‌ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឲ្យ​ខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជា‌ចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។

16. ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះ‌យេស៊ូ​ទៅ​ឲ្យ​គេ​ឆ្កាង។ គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ។

17. ព្រះ‌យេស៊ូ​លី​ឈើ​ឆ្កាង​ដោយ​ផ្ទាល់​ព្រះ‌អង្គ ចេញ​ពី​ទីក្រុង​ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល”​ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “គាល់‌កូថា”

18. គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ។ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ​ដែរ ព្រះ‌យេស៊ូ​នៅ​កណ្ដាល។

19. លោក​ពី​ឡាត​ឲ្យ​គេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះ​មាន​សរសេរ​ថា «យេស៊ូ​អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។

20. ជន‌ជាតិ​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ក្បែរ​ទីក្រុង ហើយ​ប្រកាស​នោះ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិក។

សូមអានជំពូកពេញលេញ យ៉ូហាន 19