គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 19:33-42 Khmer Standard Version (KHSV)

33. លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះ‌អង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះ‌អង្គ​ទេ

34. ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។

35. សិស្ស​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខីភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​ដឹង​ថា​សិស្ស​នោះ​និយាយ​សេចក្ដី​ពិត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដែរ។

36. ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់​បែក​ឡើយ»។

37. មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»។

38. បន្ទាប់​មក លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ​បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សិស្ស*​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន‌ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឲ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។

39. រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។

40. លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប​តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន‌ជាតិ​យូដា។

41. នៅ​កន្លែង​គេ​ឆ្កាង​ព្រះ‌យេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។

42. គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​ចម្លង*។

សូមអានជំពូកពេញលេញ យ៉ូហាន 19