គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:9-27 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”»។

10. លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។

11. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។

12. ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ*​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ ហើយ​ចង​ព្រះ‌អង្គ។

13. គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ

14. គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ”។

15. លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។

16. រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

17. ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។

18. ពួក​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។

19. លោក​មហា​បូជា‌ចារ្យ*​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សិស្ស*​របស់​ព្រះ‌អង្គ និង​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​បង្រៀន។

20. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយ​ដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ* និង​នៅ​ក្នុង​ព្រះ‌វិហារ* ជា​កន្លែង​ដែល​ជន‌ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។

21. ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។

22. ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។

24. ពេល​នោះ លោក​អាណ​បញ្ជូន​ព្រះ‌អង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផាស ជា​មហា​បូជា‌ចារ្យ។

25. លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

26. មាន​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់ ត្រូវ​ជា​បង‌ប្អូន​នឹង​អ្នក ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។

27. លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។

សូមអានជំពូកពេញលេញ យ៉ូហាន 18