គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:6-18 Khmer Standard Version (KHSV)

6. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។

7. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។

8. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ”»។

10. លោក​ស៊ីម៉ូន​ពេត្រុស​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា​បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល‌កុស។

11. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឲ្យ​ខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។

12. ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ*​របស់​ជន‌ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ ហើយ​ចង​ព្រះ‌អង្គ។

13. គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​អាណ​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ

14. គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឲ្យ​យោបល់​ទៅ​ជន‌ជាតិ​យូដា​ថា “គួរ​ឲ្យ​មនុស្ស​តែ​ម្នាក់​ស្លាប់​ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ”។

15. លោក​ស៊ីម៉ូន​ពេត្រុស​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សិស្ស*​ម្នាក់​ទៀត លោក​មហា​បូជា‌ចារ្យ​ស្គាល់​សិស្ស​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា​បូជា‌ចារ្យ*។

16. រីឯ​លោក​ពេត្រុស​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សិស្ស​ដែល​លោក​មហា​បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​ពេត្រុស​ចូល​ទៅ​ខាង​ក្នុង​ដែរ។

17. ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​ពេត្រុស​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​តប​ថា៖ «ទេ! មិន​មែន​ទេ!»។

18. ពួក​អ្នក​បម្រើ​របស់​លោក​មហា​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​ពេត្រុស​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 18