គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:29-40 Khmer Standard Version (KHSV)

29. ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។

30. គេ​ជម្រាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។

31. លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​វិន័យ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន‌ជាតិ​យូដា​ជម្រាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។

32. គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត។

33. លោក​ពីឡាត​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ រួច​ហៅ​ព្រះ‌យេស៊ូ​មក​សួរ​ថា៖ «តើ​អ្នក​ជា​ស្ដេច​របស់​ជន‌ជាតិ​យូដា​មែន​ឬ?»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។

35. លោក​ពីឡាត​តប​វិញ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ជន‌ជាតិ​យូដា​ទេ! គឺ​ជន‌ជាតិ​របស់​អ្នក និង​ពួក​នាយក​បូជា‌ចារ្យ​ទេ​តើ ដែល​បាន​បញ្ជូន​អ្នក​មក​ខ្ញុំ តើ​អ្នក​បាន​ធ្វើ​អ្វី?»។

36. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។

37. លោក​ពីឡាត​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ជា​ស្ដេច​មែន​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្ដេច។ ខ្ញុំ​កើត​មក ហើយ​ខ្ញុំ​មក​ក្នុង​លោក​នេះ ដើម្បី​ផ្ដល់​សក្ខីភាព​អំពី​សេចក្ដី​ពិត អ្នក​ណា​កើត​ពី​សេចក្ដី​ពិត អ្នក​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ»។

38. លោក​ពីឡាត​ទូល​ព្រះ‌អង្គ​ថា៖ «អ្វី​ទៅ​សេចក្ដី​ពិត​នោះ?»។លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន‌ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។

39. តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​ចម្លង*។ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។

40. ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ា‌បាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ា‌បាស​នេះ​ជា​ចោរ​ព្រៃ។

សូមអានជំពូកពេញលេញ យ៉ូហាន 18