គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 18:21-32 Khmer Standard Version (KHSV)

21. ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។

22. ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា​បូជា‌ចារ្យ!»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម​ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។

24. ពេល​នោះ លោក​អាណ​បញ្ជូន​ព្រះ‌អង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផាស ជា​មហា​បូជា‌ចារ្យ។

25. លោក​ស៊ីម៉ូន​ពេត្រុស​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​ពេត្រុស​ប្រកែក​ថា៖ «ទេ! មិន​មែន​ទេ!»។

26. មាន​អ្នក​បម្រើ​របស់​មហា​បូជា‌ចារ្យ*​ម្នាក់ ត្រូវ​ជា​បង‌ប្អូន​នឹង​អ្នក ដែល​លោក​ពេត្រុស​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។

27. លោក​ពេត្រុស​ប្រកែក​សា​ជា​ថ្មី​ម្ដង​ទៀត។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង។

28. បន្ទាប់​មក គេ​បណ្ដើរ​ព្រះ‌យេស៊ូ​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ ភ្លឺ​ស្រាងៗ​ហើយ។ ជន‌ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឲ្យ​ធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​ចម្លង*​មិន​បាន។

29. ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។

30. គេ​ជម្រាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។

31. លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​វិន័យ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន‌ជាតិ​យូដា​ជម្រាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។

32. គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត។

សូមអានជំពូកពេញលេញ យ៉ូហាន 18