1. កាលព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គយាងទៅខាងនាយជ្រោះកេដ្រូនជាមួយពួកសិស្ស*។ នៅទីនោះ មានសួនឧទ្យានមួយ ព្រះអង្គយាងចូលទៅក្នុងសួនឧទ្យាននោះជាមួយពួកសិស្ស។
2. រីឯយូដាសជាអ្នកក្បត់ព្រះអង្គ ក៏ស្គាល់កន្លែងនោះដែរ ព្រោះជាកន្លែងដែលព្រះយេស៊ូ និងពួកសិស្សធ្លាប់ជួបជុំគ្នាជាញឹកញាប់។
3. ដូច្នេះ យូដាសនាំកងទាហាន និងកងរក្សាព្រះវិហារចូលមក ទាំងកាន់ចន្លុះ កាន់គោម កាន់អាវុធផង។ ពួកនាយកបូជាចារ្យ* និងពួកខាងគណៈផារីស៊ី បានចាត់អ្នកទាំងនោះឲ្យមក។
4. ព្រះយេស៊ូឈ្វេងយល់ហេតុការណ៍ទាំងប៉ុន្មាន ដែលត្រូវកើតដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ មានព្រះបន្ទូលសួរគេថា៖ «អ្នករាល់គ្នាមករកនរណា?»។
5. គេទូលព្រះអង្គថា៖ «រកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺខ្ញុំហ្នឹងហើយ»។ រីឯយូដាសជាអ្នកក្បត់ព្រះអង្គក៏នៅជាមួយពួកគេដែរ។