គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:4-17 Khmer Standard Version (KHSV)

4. ទូលបង្គំ​បាន​សម្តែង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​នៅ​លើ​ផែន‌ដី ហើយ​ទូលបង្គំ​ក៏​បាន​បង្ហើយ​កិច្ចការ ដែល​ព្រះ‌អង្គ​បញ្ជា​ឲ្យ​ទូលបង្គំ​ធ្វើ​នោះ​ចប់​សព្វ​គ្រប់​ដែរ។

5. ព្រះ‌បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូលបង្គំ​ឲ្យ​មាន​សិរី‌រុងរឿង​នៅ​ជិត​ព្រះ‌អង្គ គឺ​សិរី‌រុងរឿង​ដែល​ទូលបង្គំ​ធ្លាប់​មាន​នៅ​ជិត​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។

6. ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ញែក​ចេញ​ពី​លោក​នេះ​ប្រទាន​មក​ទូលបង្គំ​ស្គាល់​ហើយ។ អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​ប្រទាន​គេ​មក​ឲ្យ​ទូលបង្គំ ហើយ​គេ​បាន​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

7. ឥឡូវ​នេះ អ្នក​ទាំង​នោះ​ដឹង​ថា អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ សុទ្ធ​តែ​មក​ពី​ព្រះ‌អង្គ​ទាំង​អស់

8. ដ្បិត​ទូលបង្គំ​បាន​ប្រគល់​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ​ទៅ​ឲ្យ​គេ គេ​បាន​ទទួល​ព្រះ‌បន្ទូល​ទាំង​នោះ ហើយ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា ទូលបង្គំ​បាន​ចេញ​មក​ពី​ព្រះ‌អង្គ​មែន ព្រម​ទាំង​ជឿ​ថា​ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ទៀត​ផង។

9. ទូលបង្គំ​សូម​អង្វរ​ព្រះ‌អង្គ​ឲ្យ​អ្នក​ទាំង​នោះ ទូលបង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឲ្យ​មនុស្ស​លោក​ឡើយ គឺ​អង្វរ​ឲ្យ​តែ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ​ប៉ុណ្ណោះ ព្រោះ​អ្នក​ទាំង​នោះ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ។

10. អ្វីៗ​ជា​របស់​ព្រះ‌អង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។

11. ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះ‌អង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏‌វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។

12. កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែ‌រក្សា​គេ ដោយ​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។

13. ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ព្រះ‌អង្គ​ហើយ ទូលបង្គំ​និយាយ​ដូច្នេះ ពេល​ទូលបង្គំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ទូលបង្គំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។

14. ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

15. ទូលបង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ទ្រង់​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។

16. គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

17. សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។

សូមអានជំពូកពេញលេញ យ៉ូហាន 17