17. សូមប្រោសគេឲ្យវិសុទ្ធ* ដោយសារសេចក្ដីពិត គឺព្រះបន្ទូលរបស់ព្រះអង្គនោះហើយជាសេចក្ដីពិត។
18. ទូលបង្គំចាត់គេឲ្យទៅក្នុងលោក ដូចព្រះអង្គបានចាត់ទូលបង្គំឲ្យមកក្នុងលោកដែរ។
19. រីឯទូលបង្គំវិញ ទូលបង្គំបូជាជីវិតថ្វាយព្រះអង្គជាប្រយោជន៍ដល់គេ ដើម្បីឲ្យគេបានវិសុទ្ធ ដោយសារសេចក្ដីពិត។
20. ទូលបង្គំមិនអង្វរព្រះអង្គឲ្យតែអ្នកទាំងនេះប៉ុណ្ណោះទេ គឺអង្វរឲ្យអស់អ្នកជឿលើទូលបង្គំ តាមរយៈពាក្យដែលអ្នកទាំងនេះថ្លែងប្រាប់ផងដែរ
21. សូមឲ្យគេទាំងអស់គ្នារួមជាអង្គតែមួយ។ ឱព្រះបិតាអើយ! ព្រះអង្គស្ថិតនៅជាប់នឹងទូលបង្គំ ហើយទូលបង្គំស្ថិតនៅជាប់នឹងព្រះអង្គយ៉ាងណា សូមឲ្យគេរួមគ្នាជាអង្គតែមួយនៅក្នុងយើងយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន។
22. រីឯសិរីរុងរឿងដែលព្រះអង្គប្រទានមកទូលបង្គំ ទូលបង្គំបានប្រគល់ទៅឲ្យគេហើយ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយ ដូចយើងជាអង្គតែមួយដែរ
23. គឺឲ្យទូលបង្គំនៅក្នុងគេ ព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យគេរួមគ្នាជាអង្គតែមួយពិតប្រាកដមែន ហើយមនុស្សលោកទទួលស្គាល់ថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងទទួលស្គាល់ថា ព្រះអង្គស្រឡាញ់គេ ដូចព្រះអង្គស្រឡាញ់ទូលបង្គំដែរ។