គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:12-26 Khmer Standard Version (KHSV)

12. កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែ‌រក្សា​គេ ដោយ​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។

13. ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ព្រះ‌អង្គ​ហើយ ទូលបង្គំ​និយាយ​ដូច្នេះ ពេល​ទូលបង្គំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ទូលបង្គំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។

14. ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

15. ទូលបង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ទ្រង់​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។

16. គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

17. សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។

18. ទូលបង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ក្នុង​លោក​ដែរ។

19. រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​បូជា​ជីវិត​ថ្វាយ​ព្រះ‌អង្គ​ជា​ប្រយោជន៍​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​វិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត។

20. ទូលបង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឲ្យ​តែ​អ្នក​ទាំង​នេះ​ប៉ុណ្ណោះ​ទេ គឺ​អង្វរ​ឲ្យ​អស់​អ្នក​ជឿ​លើ​ទូលបង្គំ តាម​រយៈ​ពាក្យ​ដែល​អ្នក​ទាំង​នេះ​ថ្លែង​ប្រាប់​ផង​ដែរ

21. សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូលបង្គំ ហើយ​ទូលបង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។

22. រីឯ​សិរី‌រុងរឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​បាន​ប្រគល់​ទៅ​ឲ្យ​គេ​ហើយ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ

23. គឺ​ឲ្យ​ទូលបង្គំ​នៅ​ក្នុង​គេ ព្រះ‌អង្គ​នៅ​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​ពិត​ប្រាកដ​មែន ហើយ​មនុស្ស​លោក​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក ព្រម​ទាំង​ទទួល​ស្គាល់​ថា ព្រះ‌អង្គ​ស្រឡាញ់​គេ ដូច​ព្រះ‌អង្គ​ស្រឡាញ់​ទូលបង្គំ​ដែរ។

24. ឱ​ព្រះ‌បិតា​អើយ! ទូលបង្គំ​ចង់​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ បាន​នៅ​ជា​មួយ​ទូលបង្គំ ឯ​កន្លែង​ដែល​ទូលបង្គំ​នៅ​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​សិរី‌រុងរឿង​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូលបង្គំ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូលបង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។

25. ឱ​ព្រះ‌បិតា​ដ៏​សុចរិត​អើយ! មនុស្ស​លោក​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ទេ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​ស្គាល់ ព្រះ‌អង្គ ហើយ​អ្នក​ទាំង​នេះ​ក៏​ទទួល​ស្គាល់​ថា​ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន។

26. ទូលបង្គំ​បាន​សម្តែង​ព្រះ‌នាម​ព្រះ‌អង្គ​ឲ្យ​គេ​ស្គាល់ ហើយ​ទូលបង្គំ​នឹង​សម្តែង​ឲ្យ​គេ​រឹត​តែ​ស្គាល់​ថែម​ទៀត ដើម្បី​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ចំពោះ​ទូលបង្គំ​ស្ថិត​នៅ​ក្នុង​គេ ហើយ​ទូលបង្គំ​ក៏​ស្ថិត​នៅ​ក្នុង​គេ​ដែរ»។

សូមអានជំពូកពេញលេញ យ៉ូហាន 17