គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 17:10-18 Khmer Standard Version (KHSV)

10. អ្វីៗ​ជា​របស់​ព្រះ‌អង្គ​ក៏​ជា​របស់​ទូលបង្គំ ហើយ​អ្វីៗ​ជា​របស់​ទូលបង្គំ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ។ ទូលបង្គំ​សម្តែង​សិរី‌រុងរឿង​ក្នុង​អ្នក​ទាំង​នោះ។

11. ទូលបង្គំ​មិន​នៅ​ក្នុង​លោក​នេះ​ទៀត​ទេ រីឯ​អ្នក​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​លោក​នៅ​ឡើយ ហើយ​ទូលបង្គំ​ទៅ​ឯ​ព្រះ‌អង្គ​វិញ។ ឱ​ព្រះ‌បិតា​ដ៏‌វិសុទ្ធ​អើយ! សូម​ថែ‌រក្សា​អ្នក​ទាំង​នោះ​ដោយ​ព្រះ‌នាម​ព្រះ‌អង្គ​ផង គឺ​ព្រះ‌នាម​នេះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូលបង្គំ ដើម្បី​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ ដូច​យើង​ជា​អង្គ​តែ​មួយ​ដែរ។

12. កាល​ទូលបង្គំ​នៅ​ជា​មួយ​អ្នក​ទាំង​នោះ ទូលបង្គំ​បាន​ថែ‌រក្សា​គេ ដោយ​ព្រះ‌នាម​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូលបង្គំ។ ទូលបង្គំ​បាន​ការពារ​គេ ហើយ​គ្មាន​នរណា​ត្រូវ​វិនាស​បាត់​បង់​ឡើយ លើក‌លែង​តែ​ម្នាក់​ដែល​ត្រូវ​វិនាស ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។

13. ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ព្រះ‌អង្គ​ហើយ ទូលបង្គំ​និយាយ​ដូច្នេះ ពេល​ទូលបង្គំ​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ដើម្បី​ឲ្យ​គេ​មាន​អំណរ​របស់​ទូលបង្គំ​ជា​អំណរ​ដ៏​ពេញ​លក្ខណៈ។

14. ទូលបង្គំ​បាន​ប្រទាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ឲ្យ​គេ តែ​មនុស្ស​លោក​ស្អប់​គេ ពី‌ព្រោះ​គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ជា​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

15. ទូលបង្គំ​មិន​អង្វរ​ព្រះ‌អង្គ​ឲ្យ​យក​គេ​ចេញ​ពី​លោក​នេះ​ឡើយ គឺ​សូម​ទ្រង់​មេត្តា​ការពារ​គេ​ពី​អំណាច​មារ*​កំណាច​វិញ។

16. គេ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​ទេ ដូច​ទូលបង្គំ​មិន​កើត​ពី​និស្ស័យ​លោកីយ៍​នេះ​ដែរ។

17. សូម​ប្រោស​គេ​ឲ្យ​វិសុទ្ធ* ដោយ‌សារ​សេចក្ដី​ពិត គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​នោះ​ហើយ​ជា​សេចក្ដី​ពិត។

18. ទូលបង្គំ​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោក ដូច​ព្រះ‌អង្គ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ក្នុង​លោក​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 17