គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 16:19-30 Khmer Standard Version (KHSV)

19. ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​ចង់​សួរ​ព្រះ‌អង្គ ទើប​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។

20. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ទ្រហោ​យំ​សោក​សង្រេង តែ​មនុស្ស​លោក​នឹង​អរ​សប្បាយ អ្នក​រាល់​គ្នា​នឹង​កើត​ទុក្ខ​ព្រួយ ប៉ុន្តែ ទុក្ខ​ព្រួយ​របស់​អ្នក​រាល់​គ្នា​នឹង​ប្រែ​ទៅ​ជា​អំណរ​សប្បាយ​វិញ។

21. ពេល​ស្ត្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ត​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សម្រាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ត ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។

22. អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ឥឡូវ​នេះ អ្នក​រាល់​គ្នា​ព្រួយ​ចិត្ត ប៉ុន្តែ ខ្ញុំ​នឹង​ជួប​អ្នក​រាល់​គ្នា​សា​ជា​ថ្មី អ្នក​រាល់​គ្នា​នឹង​សប្បាយ​ចិត្ត ហើយ​គ្មាន​នរណា​ដក​យក​អំណរ​សប្បាយ​ចេញ​ពី​ចិត្ត​អ្នក​រាល់​គ្នា​បាន​ឡើយ។

23. នៅ​ពេល​នោះ អ្នក​រាល់​គ្នា​លែង​សួរ​អ្វី​ពី​ខ្ញុំ​ទៀត​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​មុខ​ជា​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មិន​ខាន។

24. មក​ទល់​ពេល​នេះ អ្នក​រាល់​គ្នា​ពុំ​ទាន់​បាន​ទូល​សូម​អ្វី​ក្នុង​នាម​ខ្ញុំ​ទេ ចូរ​ទូល​សូម​ទៅ អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ហើយ​អ្នក​រាល់​គ្នា​នឹង​មាន​អំណរ​ពេញ​លក្ខណៈ»។

25. «ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​សេចក្ដី​ទាំង​នេះ ដោយ​ប្រើ​ប្រស្នា។ បន្តិច​ទៀត ខ្ញុំ​នឹង​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​យ៉ាង​ច្បាស់ៗ​អំពី​ព្រះ‌បិតា ខ្ញុំ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

26. នៅ​គ្រា​នោះ កាល​ណា​អ្នក​រាល់​គ្នា​ទូល​សូម​អ្វីៗ​ពី​ព្រះ‌បិតា ក្នុង​នាម​ខ្ញុំ ខ្ញុំ​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​នឹង​អង្វរ​ព្រះ‌អង្គ​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ

27. ដ្បិត​ព្រះ‌បិតា​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ស្រឡាញ់​ខ្ញុំ ហើយ​ជឿ​ថា​ខ្ញុំ​ចេញ​ពី​ព្រះ‌ជាម្ចាស់​មក។

28. ខ្ញុំ​បាន​ចេញ​ពី​ព្រះ‌បិតា​មក​ក្នុង​លោក​នេះ ហើយ​ឥឡូវ ខ្ញុំ​ចេញ​ពី​លោក​នេះ​ទៅ​ឯ​ព្រះ‌បិតា​វិញ»។

29. ពួក​សិស្ស*​ទូល​ព្រះ‌អង្គ​ថា៖ «ឥឡូវ​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់ៗ​មក​យើង​ខ្ញុំ​ហើយ ព្រះ‌អង្គ​មិន​ប្រើ​ប្រស្នា​ទៀត​ទេ។

30. ឥឡូវ​នេះ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌អង្គ​ឈ្វេង​យល់​គ្រប់​សេចក្ដី​ទាំង​អស់ មិន​បាច់​មាន​នរណា​ទូល​សួរ​ព្រះ‌អង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ជឿ​ថា ព្រះ‌អង្គ​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់​មែន»។

សូមអានជំពូកពេញលេញ យ៉ូហាន 16