គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 15:7-20 Khmer Standard Version (KHSV)

7. បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។

8. ព្រះ‌បិតា​របស់​ខ្ញុំ​សម្តែង​សិរី‌រុងរឿង ដោយ​អ្នក​រាល់​គ្នា​បង្កើត​ផល​ផ្លែ​បាន​ច្រើន និង​ដោយ​អ្នក​រាល់​គ្នា​ជា​សិស្ស​របស់​ខ្ញុំ​មែន។

9. ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ដូច​ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ​ដែរ។ ចូរ​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ចុះ។

10. បើ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ អ្នក​រាល់​គ្នា​ពិត​ជា​ទុក​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ ឲ្យ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​មែន ដូច​ខ្ញុំ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បិតា ហើយ​ទុក​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ដែរ។

11. ខ្ញុំ​បាន​និយាយ​សេចក្ដី​ទាំង​នេះ​ប្រាប់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អំណរ​របស់​ខ្ញុំ​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណរ​ពេញ​លក្ខណៈ។

12. នេះ​ជា​បទ‌បញ្ជា​របស់​ខ្ញុំ ចូរ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។

13. គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។

14. បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

15. ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។

16. មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។

17. រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។

18. «ប្រសិន​បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។

19. ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។

20. ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមអានជំពូកពេញលេញ យ៉ូហាន 15