គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 15:13-27 Khmer Standard Version (KHSV)

13. គ្មាន​នរណា​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ជាង​អ្នក​ដែល​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​នោះ​ឡើយ។

14. បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​មក អ្នក​រាល់​គ្នា​ពិត​ជា​មិត្ត​សម្លាញ់​របស់​ខ្ញុំ​មែន។

15. ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ត​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ត​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​ព្រះ‌បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។

16. មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​ជ្រើស​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ហើយ​បាន​តែង‌តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ និង​បង្កើត​ផល ព្រម​ទាំង​ឲ្យ​ផល​របស់​អ្នក​រាល់​គ្នា​នៅ​ស្ថិត‌ស្ថេរ។ ដូច្នេះ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌បិតា​ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ពុំ‌ខាន។

17. រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។

18. «ប្រសិន​បើ​មនុស្ស​លោក​ស្អប់​អ្នក​រាល់​គ្នា ចូរ​ដឹង​ថា គេ​បាន​ស្អប់​ខ្ញុំ​មុន​ស្អប់​អ្នក​រាល់​គ្នា​ទៅ​ទៀត។

19. ប្រសិន​បើ​អ្នក​រាល់​គ្នា​កើត​មក​ពី​លោកីយ៍ នោះ​លោកីយ៍​មុខ​ជា​ស្រឡាញ់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នៅ​ខាង​គេ។ ប៉ុន្តែ ខ្ញុំ​បាន​យក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​លោកីយ៍​មក ហើយ​អ្នក​រាល់​គ្នា​មិន​កើត​ពី​លោកីយ៍​ទេ ហេតុ​នេះ​ហើយ​បាន​ជា​លោកីយ៍​ស្អប់​អ្នក​រាល់​គ្នា។

20. ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

21. ប៉ុន្តែ គេ​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ចំពោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​នាម​ខ្ញុំ ហើយ​គេ​ពុំ​បាន​ស្គាល់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទេ។

22. ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។

23. អ្នក​ណា​ស្អប់​ខ្ញុំ អ្នក​នោះ​ក៏​ស្អប់​ព្រះ‌បិតា​របស់​ខ្ញុំ​ដែរ។

24. ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ ស្អប់​ទាំង​ព្រះ‌បិតា​ខ្ញុំ​ទៀត​ផង

25. គឺ​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​វិន័យ*​របស់​គេ​ថា “គេ​បាន​ស្អប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ”។

26. រីឯ​ព្រះ​ដ៏​ជួយ​ការពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​ព្រះ‌បិតា​ឲ្យ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​ព្រះ‌វិញ្ញាណ​ដែល​សម្តែង​សេចក្ដី​ពិត ព្រះ‌អង្គ​ចេញ​ពី​ព្រះ‌បិតា​មក។ កាល​ណា​ព្រះ‌អង្គ​យាង​មក​ដល់ ទ្រង់​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ

27. ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ​ដែរ ពី‌ព្រោះ​អ្នក​រាល់​គ្នា​នៅ​ជា​មួយ​ខ្ញុំ តាំង​ពី​ដើម​រៀង​មក។

សូមអានជំពូកពេញលេញ យ៉ូហាន 15