គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 15:1-7 Khmer Standard Version (KHSV)

1. «ខ្ញុំ​ហ្នឹង​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ​ដ៏​ពិត​ប្រាកដ រីឯ​ព្រះ‌បិតា​ខ្ញុំ​ជា​ម្ចាស់​ចម្ការ។

2. មែក​ណា​នៅ​ជាប់​នឹង​ខ្ញុំ តែ​ឥត​មាន​ផ្លែ ព្រះ‌បិតា​កាត់​មែក​នោះ​ចោល។ រីឯ​មែក​ណា​មាន​ផ្លែ ព្រះ‌អង្គ​លួស​មែក​នោះ ដើម្បី​ឲ្យ​មាន​ផ្លែ​កាន់​តែ​ច្រើន​ឡើង​ទៀត។

3. ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​បរិសុទ្ធ​រួច​ទៅ​ហើយ។

4. ចូរ​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ដូច​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដែរ។ ប្រសិន​បើ​មែក​មិន​ស្ថិត​នៅ​ជាប់​នឹង​ដើម​ទេ វា​ពុំ​អាច​បង្កើត​ផល​ដោយ​ឯក​ឯង​បាន​ឡើយ។ រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ បើ​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ​ទេ អ្នក​រាល់​គ្នា​ពុំ​អាច​បង្កើត​ផល​បាន​ទាល់​តែ​សោះ។

5. ខ្ញុំ​នេះ​ហើយ​ជា​ដើម​ទំពាំង‌បាយជូរ អ្នក​រាល់​គ្នា​ជា​មែក អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ជាប់​នឹង​អ្នក​នោះ ទើប​អ្នក​នោះ​បង្កើត​ផល​បាន​ច្រើន។ បើ​ដាច់​ពី​ខ្ញុំ អ្នក​រាល់​គ្នា​ពុំ​អាច​ធ្វើ​អ្វី​កើត​ឡើយ។

6. អ្នក​ណា​មិន​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ អ្នក​នោះ​ប្រៀប​ដូច​ជា​មែក ដែល​គេ​បោះ​ចោល​ទៅ​ខាង​ក្រៅ ហើយ​ស្វិត​ក្រៀម។ បន្ទាប់​មក គេ​រើស​មែក​ទាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ឆេះ​អស់​ទៅ។

7. បើ​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​បើ​ពាក្យ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា ចូរ​ទូល​សុំ​អ្វីៗ​តាម​តែ​អ្នក​រាល់​គ្នា​ប្រាថ្នា​ចង់​បាន​ចុះ នោះ​អ្នក​រាល់​គ្នា​មុខ​តែ​បាន​ទទួល​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ យ៉ូហាន 15