គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 13:11-21 Khmer Standard Version (KHSV)

11. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា “អ្នក​រាល់​គ្នា​មិន​មែន​បរិសុទ្ធ​គ្រប់​គ្នា”​ដូច្នេះ មក​ពី​ព្រះ‌អង្គ​ជ្រាប​អំពី​អ្នក​ដែល​ហៀប​នឹង​នាំ​គេ​មក​ចាប់​ព្រះ‌អង្គ។

12. កាល​ព្រះ‌យេស៊ូ​លាង​ជើង​ឲ្យ​គេ​រួច​ហើយ ព្រះ‌អង្គ​ស្លៀក‌ពាក់​ឡើង​វិញ យាង​មក​តុ ទាំង​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​យល់​អំពី​កិច្ចការ ដែល​ខ្ញុំ​បាន​ធ្វើ​ចំពោះ​អ្នក​រាល់​គ្នា​នេះ​ឬ​ទេ?

13. អ្នក​រាល់​គ្នា​ហៅ​ខ្ញុំ​ថា ព្រះ‌គ្រូ និង​ព្រះ‌អម្ចាស់ នោះ​ត្រូវ​មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ!។

14. បើ​ខ្ញុំ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌គ្រូ បាន​លាង​ជើង​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ហើយ អ្នក​រាល់​គ្នា​ក៏​ត្រូវ​តែ​លាង​ជើង​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

15. ខ្ញុំ​បាន​ធ្វើ​ជា​គំរូ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត ដូច​ខ្ញុំ​បាន​ប្រព្រឹត្ត​ដល់​អ្នក​រាល់​គ្នា។

16. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។

17. ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្តិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។

18. ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែន​សំដៅ​លើ​អ្នក​ទាំង​អស់​គ្នា​ទេ ដ្បិត​ខ្ញុំ​ស្គាល់​អស់​អ្នក​ដែល​ខ្ញុំ​បាន​ជ្រើស​រើស តែ​ខ្ញុំ​និយាយ​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា: “អ្នក​បរិភោគ​អាហារ​ជា​មួយ​ខ្ញុំ បាន​ប្រឆាំង​នឹង​ខ្ញុំ”។

19. ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ពី​ឥឡូវ​នេះ​ឲ្យ​ហើយ មុន​ការណ៍​ទាំង​នោះ​កើត​មាន។ កាល​ណា​ការណ៍​ទាំង​នោះ​មក​ដល់ អ្នក​រាល់​គ្នា​នឹង​ជឿ​ថា ខ្ញុំ​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន។

20. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

21. កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ព្រះ‌អង្គ​រន្ធត់​ព្រះ‌ហឫទ័យ​ក្រៃ‌លែង ទ្រង់​មាន​ព្រះ‌បន្ទូល​បញ្ជាក់​ទៀត​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​នឹង​នាំ​គេ​មក​ចាប់​ខ្ញុំ»។

សូមអានជំពូកពេញលេញ យ៉ូហាន 13