គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:6-22 Khmer Standard Version (KHSV)

6. គាត់​និយាយ​ដូច្នេះ មិន​មែន​មក​ពី​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក​ក្រ​ទេ គឺ​មក​ពី​គាត់​ជា​ចោរ គាត់​កាន់​ថង់​ប្រាក់ ហើយ​តែង​លួច​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ថង់​នោះ។

7. ប៉ុន្តែ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​នាង​ធ្វើ​តាម​បំណង​ចិត្ត​នាង​ទៅ! នាង​ចាក់​ប្រេង​ក្រអូប​នេះ​សម្រាប់​ថ្ងៃ​បញ្ចុះ​សព​ខ្ញុំ។

8. អ្នក​ក្រីក្រ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​រហូត​ទេ»។

9. ជន‌ជាតិ​យូដា​ច្រើន​កុះ‌ករ​បាន​ឮ​ដំណឹង​ថា ព្រះ‌អង្គ​គង់​នៅ​ភូមិ​បេត‌ថានី គេ​នាំ​គ្នា​មក មិន​មែន​គ្រាន់​តែ​ចង់​ឃើញ​ព្រះ‌យេស៊ូ​ប៉ុណ្ណោះ​ទេ គឺ​ចង់​ឃើញ​លោក​ឡាសារ​ដែល​ព្រះ‌អង្គ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នោះ​ថែម​ទៀត​ផង។

10. ពួក​នាយក​បូជា‌ចារ្យ*​បាន​សម្រេច​ចិត្ត​សម្លាប់​លោក​ឡាសារ​ដែរ

11. ព្រោះ​តែ​គាត់​នេះ​ហើយ បាន​ជា​មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​បែក​ចេញ​ពី​ពួក​គេ មក​ជឿ​លើ​ព្រះ‌យេស៊ូ។

12. នៅ​ថ្ងៃ​បន្ទាប់ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចូល​រួម​ធ្វើ​បុណ្យ​ចម្លង*។ កាល​គេ​ឮ​ដំណឹង​ថា ព្រះ‌យេស៊ូ​យាង​ជិត​ដល់​ក្រុង​យេរូ‌សាឡឹម

13. គេ​នាំ​គ្នា​កាច់​ធាង​ទន្សែ កាន់​មក​ទទួល​ព្រះ‌អង្គ ទាំង​ស្រែក​ថា៖ «ជយោ! សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ដល់​ព្រះ‌អង្គ ដែល​យាង​មក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ គឺ​ព្រះ‌មហា‌ក្សត្រ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល!»

14. ព្រះ‌យេស៊ូ​រក​បាន​កូន​លា​មួយ ហើយ​ព្រះ‌អង្គ​គង់​លើ​ខ្នង​វា ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា៖

15. «ប្រជា‌ជនក្រុង​ស៊ីយ៉ូន​អើយ កុំ​ភ័យ​ខ្លាច​អី! មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​ដល់​ហើយ ព្រះ‌អង្គ​គង់​លើ​ខ្នង​កូន​លា»។

16. នៅ​ពេល​នោះ ពួក​សិស្ស*​ពុំ​បាន​យល់​ហេតុ‌ការណ៍​ទាំង​នេះ​ភ្លាមៗ​ទេ។ លុះ​ដល់​ព្រះ‌យេស៊ូ​បាន​សម្តែង​សិរី‌រុងរឿង​ហើយ ទើប​គេ​នឹក​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​អំពី​ព្រះ‌អង្គ ហើយ​មហា‌ជន​ក៏​បាន​ធ្វើ​កិច្ចការ​ទាំង​ប៉ុន្មាន ថ្វាយ​ព្រះ‌អង្គ​ស្រប​តាម​គម្ពីរ​ដែរ។

17. អស់​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ កាល​ព្រះ‌អង្គ​ហៅ​លោក​ឡាសារ​ចេញ​ពី​ផ្នូរ ហើយ​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ​នោះ នាំ​គ្នា​ផ្ដល់​សក្ខីភាព​អំពី​កិច្ចការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។

18. បណ្ដា‌ជន​មក​ទទួល​ព្រះ‌អង្គ ដ្បិត​គេ​បាន​ឮ​ថា ព្រះ‌អង្គ​បាន​ធ្វើ​ទី​សម្គាល់​នេះ។

19. ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​បាន​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។

20. ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។

21. គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។

22. លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។

សូមអានជំពូកពេញលេញ យ៉ូហាន 12