គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 12:19-33 Khmer Standard Version (KHSV)

19. ពួក​ខាង​គណៈ​ផារីស៊ី​និយាយ​គ្នា​ថា៖ «ឃើញ​ទេ យើង​មិន​អាច​ឈ្នះ​បាន​ឡើយ! មនុស្ស‌ម្នា​នាំ​គ្នា​ទៅ​តាម​អ្នក​នោះ​អស់!»។

20. ក្នុង​ចំណោម​អស់​អ្នក​ដែល​ឡើង​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់​ក្នុង​ឱកាស​បុណ្យ​ចម្លង* មាន​ជន‌ជាតិ​ក្រិក​ខ្លះ​ដែរ។

21. គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ជា​អ្នក​ភូមិ​បេត‌សៃ‌ដា​ក្នុង​ស្រុក​កាលី‌ឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។

22. លោក​ភីលីព​ទៅ​ប្រាប់​លោក​អនទ្រេ ហើយ​លោក​អនទ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះ‌យេស៊ូ។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សម្តែង​សិរី‌រុងរឿង​ហើយ។

24. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។

25. អ្នក​ណា​ស្រឡាញ់​ជីវិត​របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

26. បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ ព្រះ‌បិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។

27. «ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះ‌បិតា​អើយ សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។

28. ព្រះ‌បិតា​អើយ សម្តែង​សិរី‌រុងរឿង​ព្រះ‌នាម​របស់​ព្រះ‌អង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សម្តែង​សិរី‌រុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សម្តែង​សិរី‌រុងរឿង​ជា​ថ្មី​ទៀត»។

29. បណ្ដា‌ជន​នៅ​ទី​នោះ បាន​ឮ​ព្រះ‌សូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរ‌លាន់» អ្នក​ខ្លះ​ទៀត ពោល​ថា «មាន​ទេវតា*​និយាយ​មក​លោក»។

30. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សំឡេង​នេះ បន្លឺ​ឡើង​សម្រាប់​អ្នក​រាល់​គ្នា​មិន​មែន​សម្រាប់​ខ្ញុំ​ទេ។

31. ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។

32. រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។

33. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ដែល​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត។

សូមអានជំពូកពេញលេញ យ៉ូហាន 12