គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:8-25 Khmer Standard Version (KHSV)

8. ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ ជន‌ជាតិ​យូដា​ទើប​នឹង​ចង់​យក​ដុំ​ថ្ម​គប់​ធ្វើ​គុត​ព្រះ‌អង្គ​ថ្មីៗ​នេះ​សោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌អង្គ​ចង់​វិល​ទៅ​ស្រុក​នោះ​វិញ!»។

9. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ក្នុង​មួយ​ថ្ងៃ​មាន​ដប់‌ពីរ​ម៉ោង អ្នក​ណា​ដើរ​នៅ​ពេល​ថ្ងៃ អ្នក​នោះ​មិន​ជំពប់​ជើង​ដួល​ឡើយ ព្រោះ​គេ​ឃើញ​ពន្លឺ​របស់​ពិភព​លោក​នេះ។

10. ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដើរ​នៅ​ពេល​យប់ អ្នក​នោះ​មុខ​តែ​ជំពប់​ជើង​ដួល​ជា​មិន​ខាន ព្រោះ​គេ​គ្មាន​ពន្លឺ​នៅ​ក្នុង​ខ្លួន​ទេ»។

11. ក្រោយ​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថែម​ទៀត​ថា៖ «ឡាសារ​ជា​មិត្ត​សម្លាញ់​របស់​យើង​សម្រាន្ដ​លក់​ទៅ​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ដាស់​គាត់​ឲ្យ​ភ្ញាក់​ឡើង​វិញ»។

12. ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ ប្រសិន​បើ​គាត់​សម្រាន្ដ​លក់​ដូច្នេះ គាត់​នឹង​បាន​ជា​វិញ​មិន​ខាន»។

13. តាម​ពិត ព្រះ‌យេស៊ូ​ចង់​មាន​ព្រះ‌បន្ទូល​ថា​លោក​ឡាសារ​ស្លាប់​បាត់​ទៅ​ហើយ ប៉ុន្តែ ពួក​សិស្ស​ស្មាន​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា គាត់​សម្រាន្ដ​លក់​ធម្មតា។

14. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ឡាសារ​ស្លាប់​ទៅ​ហើយ

15. បើ​គិត​ពី​ប្រយោជន៍​អ្នក​រាល់​គ្នា ខ្ញុំ​សប្បាយ​ចិត្ត ដោយ​ខ្ញុំ​មិន​បាន​នៅ​ទី​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ។ ឥឡូវ​នេះ យើង​នាំ​គ្នា​ទៅ​ផ្ទះ​គាត់»។

16. ពេល​នោះ សិស្ស​ថូម៉ាស់​ហៅ​ឌីឌីម ពោល​ទៅ​សិស្ស​ឯ​ទៀត​ថា៖ «មក! យើង​នាំ​គ្នា​ទៅ​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គ​ដែរ!»។

17. កាល​ព្រះ‌យេស៊ូ​យាង​ទៅ​ដល់ ព្រះ‌អង្គ​ក៏​ជ្រាប​ថា គេ​បាន​ដាក់​សព​លោក​ឡាសារ​ក្នុង​ផ្នូរ បួន​ថ្ងៃ​ហើយ។

18. ភូមិ​បេថានី​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ‌ម៉ែត្រ​ពី​ក្រុង​យេរូ‌សាឡឹម។

19. មាន​ជន‌ជាតិ​យូដា​ជា​ច្រើន​នាំ​គ្នា​មក​ជួយ​រំលែក​ទុក្ខ​នាង​ម៉ាថា និង​នាង​ម៉ារី​ក្នុង​ពេល​ប្អូន​ស្លាប់។

20. កាល​នាង​ម៉ាថា​បាន​ដឹង​ថា​ព្រះ‌យេស៊ូ​យាង​មក​ដល់ នាង​ក៏​ចេញ​ទៅ​ទទួល​ព្រះ‌អង្គ រីឯ​នាង​ម៉ារី​វិញ នាង​អង្គុយ​នៅ​ក្នុង​ផ្ទះ។

21. នាង​ម៉ាថា​ទូល​ព្រះ‌យេស៊ូ​ថា៖ «លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​នាង​ខ្ញុំ​មិន​ស្លាប់​ទេ។

22. ប៉ុន្តែ ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា បើ​លោក​សុំ​អ្វី​ពី​ព្រះ‌ជាម្ចាស់​ក៏​ដោយ ព្រះ‌អង្គ​មុខ​ជា​នឹង​ប្រទាន​ឲ្យ​មិន​ខាន»។

23. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ប្អូន​នាង​នឹង​រស់​ឡើង​វិញ»។

24. នាង​ទូល​ទៅ​ព្រះ‌អង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។

សូមអានជំពូកពេញលេញ យ៉ូហាន 11