គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:48-57 Khmer Standard Version (KHSV)

48. ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ* និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។

49. នៅ​ក្នុង​ចំណោម​ពួក​គេ មាន​លោក​ម្នាក់​ឈ្មោះ កៃផា ដែល​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​ពុំ​យល់​អ្វី​សោះ!

50. តើ​អស់​លោក​គិត​មិន​ឃើញ​ទេ​ឬ​ថា បើ​មនុស្ស​តែ​ម្នាក់​ស្លាប់ ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ត្រ​នោះ ប្រសើរ​ជាង​ទុក​ឲ្យ​ជាតិ​ទាំង​មូល​ត្រូវ​វិនាស!»។

51. លោក​មាន​ប្រសាសន៍​ដូច្នេះ មិន​មែន​ផុស​ចេញ​ពី​គំនិត​ខ្លួន​ឯង​ផ្ទាល់​ឡើយ គឺ​ក្នុង​ឋានៈ​ជា​មហា​បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ លោក​បាន​ទាយ​ថា ព្រះ‌យេស៊ូ​ត្រូវ​សោយ​ទិវង្គត ដើម្បី​ជា​ប្រយោជន៍​ដល់​សាសន៍​យូដា

52. មិន​គ្រាន់​តែ​ជា​ប្រយោជន៍​ដល់​សាសន៍​នេះ​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​ឲ្យ​កូន​ចៅ​របស់​ព្រះ‌ជាម្ចាស់​ដែល​បែក‌ខ្ញែក​គ្នា មក​រួប‌រួម​ជា​ប្រជា‌ជន​តែ​មួយ។

53. តាំង​ពី​ថ្ងៃ​នោះ​មក ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី* បាន​សម្រេច​ធ្វើ​គុត​ព្រះ‌យេស៊ូ។

54. ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​មិន​យាង​ទៅ​មក ដោយ​ចេញ​មុខ​ឲ្យ​ជន‌ជាតិ​យូដា​ឃើញ​ទៀត​ឡើយ គឺ​ព្រះ‌អង្គ​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​តំបន់​ជិត​វាល​រហោ‌ស្ថាន ត្រង់​ភូមិ​មួយ​ឈ្មោះ​អេប្រាអ៊ីម ហើយ​ទ្រង់​ស្នាក់​នៅ​ក្នុង​ភូមិ​នោះ​ជា​មួយ​ពួក​សិស្ស*។

55. ពេល​នោះ ជិត​ដល់​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ជន‌ជាតិ​យូដា​ហើយ។ អ្នក​ស្រុក​ជា​ច្រើន នាំ​គ្នា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម មុន​ថ្ងៃ​បុណ្យ ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*។

56. គេ​រក​ព្រះ‌យេស៊ូ ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ព្រះ‌វិហារ*​ថា៖ «អ្នក​គិត​ដូច​ម្ដេច? លោក​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។

57. ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​ព្រះ‌អង្គ​គង់​នៅ​ឯ​ណា ត្រូវ​ប្រាប់​ពួក​គេ ដើម្បី​ឲ្យ​គេ​ចាប់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ យ៉ូហាន 11