គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:37-48 Khmer Standard Version (KHSV)

37. ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។

38. ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។

39. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។

40. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។

41. គេ​ក៏​យក​ថ្ម​ចេញ​ពី​មាត់​ផ្នូរ។ ព្រះ‌យេស៊ូ​ងើប​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​លើ មាន​ព្រះ‌បន្ទូល​ថា៖ «បពិត្រ​ព្រះ‌បិតា ទូលបង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ។

42. ចំពោះ​ទូលបង្គំ ទូលបង្គំ​ដឹង​ថា ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ទូលបង្គំ​ជា‌និច្ច ប៉ុន្តែ ទូលបង្គំ​ទូល​ព្រះ‌អង្គ​ដូច្នេះ ដើម្បី​ឲ្យ​បណ្ដា‌ជន​ដែល​នៅ​ជុំ‌វិញ​ទូលបង្គំ ជឿ​ថា​ព្រះ‌អង្គ​ពិត​ជា​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​មែន»។

43. លុះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ ទ្រង់​បន្លឺ​ព្រះ‌សូរសៀង​ខ្លាំងៗ​ថា៖ «ឡាសារ​អើយ! ចេញ​មក!»។

44. ពេល​នោះ លោក​ឡាសារ​ដែល​បាន​ស្លាប់ ក៏​ចេញ​ពី​ផ្នូរ​មក មាន​ទាំង​ក្រណាត់​រុំ​ដៃ​ជើង និង​កន្សែង​គ្រប​មុខ​ផង។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​គេ​ថា៖ «សុំ​ស្រាយ​ក្រណាត់​ចេញ​ពី​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ»។

45. ជន‌ជាតិ​យូដា​ជា​ច្រើន​នាក់ ដែល​មក​ផ្ទះ​នាង​ម៉ារី បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​កិច្ចការ​ទាំង​នោះ ក៏​ជឿ​លើ​ព្រះ‌អង្គ។

46. ប៉ុន្តែ មាន​គ្នា​គេ​ខ្លះ​ទៅ​ជួប​ពួក​ខាង​គណៈ​ផារីស៊ី* រៀប​រាប់​នូវ​កិច្ចការ​ដែល​ព្រះ‌យេស៊ូ​បាន​ធ្វើ។

47. ពេល​នោះ ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​កោះ​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់*​មក​ប្រជុំ ហើយ​ពោល​ថា៖ «អ្នក​នោះ​បាន​ធ្វើ​ទី​សម្គាល់​ជា​ច្រើន តើ​យើង​គិត​ធ្វើ​ដូច​ម្ដេច?

48. ប្រសិន​បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត ប្រជា‌ជន​មុខ​តែ​ជឿ​ទៅ​លើ​គាត់​ទាំង​អស់​គ្នា ហើយ​ជន‌ជាតិ​រ៉ូម៉ាំង​នឹង​មក​បំផ្លាញ​ព្រះ‌វិហារ* និង​បំបាត់​ជាតិ​សាសន៍​របស់​យើង​ជា​មិន​ខាន»។

សូមអានជំពូកពេញលេញ យ៉ូហាន 11