គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 11:24-40 Khmer Standard Version (KHSV)

24. នាង​ទូល​ទៅ​ព្រះ‌អង្គ​វិញ​ថា៖ «នាង​ខ្ញុំ​ដឹង​ហើយ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត កាល​ណា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ប្អូន​នាង​ខ្ញុំ​ក៏​នឹង​រស់​ឡើង​វិញ​ដែរ»។

25. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឲ្យ​រស់​ឡើង​វិញ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គេ​មាន​ជីវិត។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។

26. រីឯ​អស់​អ្នក​ដែល​កំពុង​តែ​មាន​ជីវិត​នៅ​រស់ ហើយ​ជឿ​លើ​ខ្ញុំ មិន​ស្លាប់​សោះ​ឡើយ តើ​នាង​ជឿ​សេចក្ដី​នេះ​ឬ​ទេ?»។

27. នាង​ម៉ាថា​ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌គ្រិស្ដ* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះ‌អង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។

28. នាង​ម៉ាថា​និយាយ​ដូច្នេះ​ហើយ ក៏​ចេញ​ទៅ​ហៅ​នាង​ម៉ារី​ជា​ប្អូន ដោយ​ស្ងាត់ៗ​ថា៖ «ព្រះ‌គ្រូ​យាង​មក​ដល់​ហើយ ព្រះ‌អង្គ​ហៅ​ប្អូន​ឯង»។

29. នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​គាល់​ព្រះ‌យេស៊ូ​ជា​ប្រញាប់។

30. ពេល​នោះ ព្រះ‌អង្គ​ពុំ​ទាន់​យាង​ចូល​ក្នុង​ភូមិ​នៅ​ឡើយ​ទេ គឺ​ព្រះ‌អង្គ​គង់​នៅ​កន្លែង​ដែល​នាង​ម៉ាថា​ទៅ​ជួប។

31. ជន‌ជាតិ​យូដា ដែល​មក​ជួយ​រំលែក​ទុក្ខ​ក្នុង​ផ្ទះ​ជា​មួយ​នាង​ម៉ារី ឃើញ​នាង​ស្ទុះ​ក្រោក​ឡើង ប្រញាប់‌ប្រញាល់​ចេញ​ទៅ​ខាង​ក្រៅ​ដូច្នេះ ក៏​នាំ​គ្នា​ចេញ​ទៅ​តាម ព្រោះ​គេ​ស្មាន​ថា​នាង​ទៅ​យំ​ឯ​ផ្នូរ។

32. លុះ​នាង​ម៉ារី​ទៅ​ដល់​កន្លែង​ព្រះ‌យេស៊ូ​គង់​នៅ​ហើយ នាង​ឃើញ​ព្រះ‌អង្គ ក៏​ក្រាប​ទៀប​ព្រះ‌បាទា ទូល​ថា៖ «លោក​ម្ចាស់! ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​នាង​ខ្ញុំ​មិន​ស្លាប់​ទេ»។

33. ពេល​ព្រះ‌យេស៊ូ​ឃើញ​នាង​ម៉ារី និង​ជន‌ជាតិ​យូដា​ដែល​មក​ជា​មួយ​នាង យំ​ដូច្នេះ ព្រះ‌អង្គ​រំជួល​ព្រះ‌ហឫទ័យ ហើយ​រន្ធត់​ជា​ខ្លាំង​ផង។

34. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​យក​សព​ទៅ​ទុក​នៅ​ឯ​ណា?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «សូម​អញ្ជើញ​មក លោក​នឹង​ឃើញ»។

35. ពេល​នោះ ព្រះ‌យេស៊ូ​ទ្រង់​ព្រះ‌កន្សែង។

36. ជន‌ជាតិ​យូដា​នាំ​គ្នា​ពោល​ថា៖ «មើល៍! លោក​ស្រឡាញ់​ឡាសារ​ខ្លាំង​ណាស់!»។

37. ប៉ុន្តែ នៅ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​និយាយ​ថា៖ «លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​មើល​ឃើញ ម្ដេច​ក៏​លោក​មិន​ធ្វើ​ឲ្យ​ឡាសារ​គេច​ផុត​ពី​ស្លាប់​ផង​ទៅ!»។

38. ព្រះ‌យេស៊ូ​រំជួល​ព្រះ‌ហឫទ័យ​ម្ដង​ទៀត រួច​យាង​ទៅ​ផ្នូរ។ ផ្នូរ​នោះ​ជា​រូង​ភ្នំ មាន​ថ្ម​បាំង​នៅ​មាត់​រូង។

39. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «សុំ​យក​ថ្ម​នេះ​ចេញ!»។ នាង​ម៉ាថា ជា​បង​របស់​សព ទូល​ព្រះ‌អង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់ សព​ធុំ​ក្លិន​ហើយ ព្រោះ​គេ​បាន​យក​មក​ដាក់​តាំង​ពី​បួន​ថ្ងៃ​ម៉្លេះ»។

40. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​បាន​ប្រាប់​នាង​រួច​មក​ហើយ​ថា បើ​នាង​ជឿ នាង​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់»។

សូមអានជំពូកពេញលេញ យ៉ូហាន 11