គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:26-36 Khmer Standard Version (KHSV)

26. ប៉ុន្តែ អ្នក​រាល់​គ្នា​មិន​ជឿ​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ចំណោម​ចៀម​របស់​ខ្ញុំ។

27. ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ ខ្ញុំ​ស្គាល់​ចៀម​ទាំង​នោះ ហើយ​ចៀម​ទាំង​នោះ​មក​តាម​ខ្ញុំ។

28. ខ្ញុំ​ឲ្យ​គេ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គេ​មិន​វិនាស​អន្តរាយ​ឡើយ ហើយ​គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ដៃ​ខ្ញុំ​ជា​ដាច់​ខាត។

29. ព្រះ‌បិតា​ដែល​បាន​ប្រទាន​ចៀម​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ ទ្រង់​មាន​អំណាច​ធំ​លើស​អ្វីៗ​ទាំង​អស់ គ្មាន​នរណា​អាច​ឆក់​យក​គេ​ពី​ព្រះ‌ហស្ដ​ព្រះ‌បិតា​បាន​ឡើយ។

30. ខ្ញុំ និង​ព្រះ‌បិតា​ជា​អង្គ​តែ​មួយ»។

31. ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​ព្រះ‌អង្គ។

32. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ជា​ច្រើន ដែល​ព្រះ‌បិតា​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ។ ក្នុង​បណ្ដា​កិច្ចការ​ទាំង​នោះ តើ​កិច្ចការ​ណា​មួយ​ដែល​នាំ​ឲ្យ​អ្នក​រាល់​គ្នា​យក​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​ខ្ញុំ?»។

33. ជន‌ជាតិ​យូដា​តប​ទៅ​ព្រះ‌អង្គ​ថា៖ «យើង​ចង់​សម្លាប់​លោក មិន​មែន​មក​ពី​លោក​បាន​ធ្វើ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​ណា​មួយ​នោះ​ឡើយ គឺ​មក​ពី​លោក​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ដ្បិត​លោក​ជា​មនុស្ស ហើយ​តាំង​ខ្លួន​ជា​ព្រះ‌ជាម្ចាស់»។

34. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ក្នុង​វិន័យ*​របស់​អ្នក​រាល់​គ្នា​មាន​ចែង​ថា ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា អ្នក​រាល់​គ្នា​ជា​ព្រះ។

35. យើង​មិន​អាច​លុប​បំបាត់​គម្ពីរ​បាន​ឡើយ បើ​គម្ពីរ​ហៅ​អស់​អ្នក​ដែល​ទទួល​ព្រះ‌បន្ទូល​ថា​ជា “ព្រះ” ដូច្នេះ

36. ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពេល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​បុត្រា​របស់​ព្រះ‌ជាម្ចាស់ អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា​ខ្ញុំ​ប្រមាថ​ព្រះ‌អង្គ​ទៅ​វិញ? ព្រះ‌បិតា​បាន​ប្រោស​ខ្ញុំ​ឲ្យ​វិសុទ្ធ ហើយ​ចាត់​ខ្ញុំ​ឲ្យ​មក​ក្នុង​ពិភព​លោក​នេះ​ទៀត​ផង។

សូមអានជំពូកពេញលេញ យ៉ូហាន 10