គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 10:16-24 Khmer Standard Version (KHSV)

16. ខ្ញុំ​មាន​ចៀម​ឯ​ទៀតៗ ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ។ ខ្ញុំ​ត្រូវ​តែ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ។ ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ ហើយ​នៅ​ពេល​នោះ​នឹង​មាន​ហ្វូង​ចៀម​តែ​មួយ មាន​គង្វាល​តែ​មួយ។

17. «ព្រះ‌បិតា​ស្រឡាញ់​ខ្ញុំ ព្រោះ​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ប្ដូរ​ជីវិត ដើម្បី​ឲ្យ​បាន​ជីវិត​នោះ​មក​វិញ។

18. គ្មាន​នរណា​ដក​ហូត​ជីវិត​របស់​ខ្ញុំ​បាន​ឡើយ គឺ​ខ្ញុំ​ស៊ូ​ប្ដូរ​ជីវិត ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង។ ខ្ញុំ​មាន​អំណាច​នឹង​ស៊ូ​ប្ដូរ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​មាន​អំណាច​នឹង​យក​ជីវិត​នោះ​មក​វិញ តាម​បទ‌បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌បិតា​មក»។

19. ព្រះ‌បន្ទូល​ទាំង​នេះ​ធ្វើ​ឲ្យ​ជន‌ជាតិ​យូដា​បាក់​បែក​គ្នា​ម្ដង​ទៀត។

20. មាន​គ្នា​គេ​ជា​ច្រើន​ពោល​ថា៖ «អ្នក​នោះ​មាន​អារក្ស​ចូល! គាត់​វង្វេង​ស្មារតី​ហើយ! ស្ដាប់​គាត់​ធ្វើ​អ្វី?»។

21. អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «ពាក្យ​ទាំង​នេះ​មិន​មែន​ជា​ពាក្យ​របស់​មនុស្ស​ដែល​មាន​អារក្ស​ចូល​ទេ! តើ​អារក្ស​អាច​ធ្វើ​ឲ្យ​ភ្នែក​មនុស្ស​ខ្វាក់​ភ្លឺ​កើត​ឬ?»។

22. ពេល​នោះ ជា​រដូវ​រងា គេ​នាំ​គ្នា​ធ្វើ​បុណ្យ​រំឭក​ពិធី​ឆ្លង​ព្រះ‌វិហារ* នៅ​ក្រុង​យេរូ‌សាឡឹម។

23. ព្រះ‌យេស៊ូ​យាង​ចុះ​ឡើង​ក្នុង​ថែវ​ព្រះ‌វិហារ​ដែល​មាន​ឈ្មោះ​ថា «ថែវ​ព្រះ‌បាទ​សាឡូម៉ូន»។

24. ជន‌ជាតិ​យូដា​នាំ​គ្នា​ចោម‌រោម​ព្រះ‌អង្គ​ទូល​សួរ​ថា៖ «តើ​លោក​ទុក​ឲ្យ​យើង​ខ្ញុំ​នៅ​រារែក​ក្នុង​ចិត្ត​ដល់​ណា​ទៀត? ប្រសិន​បើ​លោក​ពិត​ជា​ព្រះ‌គ្រិស្ដ*​មែន សូម​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ត្រង់ៗ​មក»។

សូមអានជំពូកពេញលេញ យ៉ូហាន 10