គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:25-36 Khmer Standard Version (KHSV)

25. គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រិស្ដ មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។

26. លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់

27. លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។

28. ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេត‌ថានី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*។

29. នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក

30. គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។

31. កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​លោក​ទេ ប៉ុន្តែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក* ដើម្បី​ឲ្យ​លោក​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ស្គាល់»។

32. លោក​យ៉ូហាន​បាន​ផ្ដល់​សក្ខីភាព​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​ពី​ស្ថាន​បរម‌សុខ* ដូច​សត្វ​ព្រាប​មក​សណ្ឋិត​លើ​លោក។

33. ពី​មុន ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​លោក​ទេ ប៉ុន្តែ ព្រះ‌ជាម្ចាស់​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “អ្នក​ឃើញ​ព្រះ‌វិញ្ញាណ​យាង​ចុះ​មក​សណ្ឋិត​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ ដែល​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*”។

34. ខ្ញុំ​បាន​ឃើញ​ដូច្នោះ​មែន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា លោក​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន»។

35. ថ្ងៃ​បន្ទាប់​មក​ទៀត លោក​យ៉ូហាន​នៅ​ទី​នោះ​ដដែល ហើយ​មាន​សិស្ស​របស់​លោក​ពីរ​នាក់​នៅ​ជា​មួយ​ផង។

36. លោក​សម្លឹង​មើល​ព្រះ‌យេស៊ូ​យាង​កាត់​តាម​នោះ ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់»។

សូមអានជំពូកពេញលេញ យ៉ូហាន 1