គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូហាន 1:20-31 Khmer Standard Version (KHSV)

20. លោក​យ៉ូហាន​ប្រកាស​ប្រាប់​គេ​ដោយ​ពុំ​លាក់‌លៀម​អ្វី​ឡើយ គឺ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ «ខ្ញុំ​មិន​មែន​ជា​ព្រះ‌គ្រិស្ដ*​ទេ»។

21. ពួក​គេ​សួរ​លោក​ថា៖ «ដូច្នេះ តើ​លោក​ជា​នរណា? តើ​លោក​ជា​ព្យាការី​អេលីយ៉ា​ឬ?»។ លោក​ឆ្លើយ​ថា៖ «ទេ មិន​មែន​ទេ!»។ គេ​ក៏​សួរ​ទៀត​ថា៖ «តើ​លោក​ជា​ព្យាការី*​ដែល​យើង​រង់‌ចាំ​នោះ​ឬ?»។ លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ!»។

22. គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ​យក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។

23. លោក​យ៉ូហាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​បុរស​ម្នាក់​ដែល​ស្រែក នៅ​វាល​រហោ‌ស្ថាន*​ថា: “ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់”ត្រូវ​នឹង​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក»។

24. អ្នក​ដែល​គេ​ចាត់​ឲ្យ​មក​នោះ ជា​ពួក​ខាង​គណៈ​ផារីស៊ី*។

25. គេ​សួរ​លោក​យ៉ូហាន​ទៀត​ថា៖ «បើ​លោក​មិន​មែន​ជា​ព្រះ‌គ្រិស្ដ មិន​មែន​ជា​ព្យាការី​អេលីយ៉ា ហើយ​ក៏​មិន​មែន​ជា​ព្យាការី​ដែល​យើង​រង់‌ចាំ​នោះ​ទេ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​ធ្វើ​ពិធី​ជ្រមុជ​ទឹក*​ដូច្នេះ?»។

26. លោក​យ៉ូហាន​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក​មែន ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​ម្នាក់​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់

27. លោក​មក​ក្រោយ​ខ្ញុំ លោក​មាន​ឋានៈ​ខ្ពង់‌ខ្ពស់​ណាស់ សូម្បី​តែ​ឲ្យ​ខ្ញុំ​ស្រាយ​ខ្សែ​ស្បែក​ជើង​ជូន​លោក ក៏​មិន​សម​នឹង​ឋានៈ​របស់​លោក​ផង»។

28. ហេតុ‌ការណ៍​នេះ​កើត​មាន​នៅ​ភូមិ​បេត‌ថានី ខាង​នាយ​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក*។

29. នៅ​ថ្ងៃ​បន្ទាប់ លោក​យ៉ូហាន​ឃើញ​ព្រះ‌យេស៊ូ​យាង​តម្រង់​មក​រក​លោក រួច​លោក​ក៏​មាន​ប្រសាសន៍​ថា៖ «មើល​ហ្ន៎! លោក​នេះ​ហើយ​ជា​កូន​ចៀម​របស់​ព្រះ‌ជាម្ចាស់ ដែល​ដក​បាប​ចេញ​ពី​មនុស្ស​លោក

30. គឺ​លោក​នេះ​ហើយ ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ប្រសើរ​ជាង​ខ្ញុំ ដ្បិត​លោក​មាន​ជីវិត​មុន​ខ្ញុំ”។

31. កាល​ពី​ដើម ខ្ញុំ​ពុំ​ស្គាល់​ឋានៈ​របស់​លោក​ទេ ប៉ុន្តែ ខ្ញុំ​មក​ធ្វើ​ពិធី​ជ្រមុជ​ក្នុង​ទឹក* ដើម្បី​ឲ្យ​លោក​បង្ហាញ​ខ្លួន​ឲ្យ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែល​ស្គាល់»។

សូមអានជំពូកពេញលេញ យ៉ូហាន 1